ព័ត៌មានជាតិ

ស្ត្រី​ម៉េ​ម៉ា​យ​ចំណាស់​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ក្នុង​បន្ទប់ទឹក​

​កំពង់ឆ្នាំង​៖​ ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ត​ភ្លើង​ដោយ​ខ្លួនឯង​នៅក្នុង​បន្ទប់ទឹក ហើយ​ត្រូវបាន​ខ្សែភ្លើង​ឆក់​ដួល​ដេកស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​គ្មាន​កូនចៅ​ណា​ដឹង​ឭ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​លោក ម៉ូត យូ នាយប៉ុស្តិ៍​រដ្ឋបាល​អណ្តូង​ស្នាយ​បានអោយដឹងថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ សួន សាម៉ន អាយុ​៦០​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​ស្ត្រី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​ស្បែកជើង​ស្រុក​កំពង់ត្រឡាច​។​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​បានអោយដឹងថា​៖​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ចូល​ក្នុង​បន្ទប់ទឹក​ត​បំបែក​អំពូល​ភ្លើង​មួយ​នៅក្នុង​បន្ទប់ទឹក នៅពេល​ត​រួចហើយ គាត់​បាន​យក​បង់​ស្អិត​រុំ​មុខ​តំណរ​មួយ​ចំហៀង ពេល​កំពុង​រុំ​នោះ​ក៍​ត្រូវបាន​មុខតំណរ​ខ្សែភ្លើង​ម្ខាង​ទៀត​ឆក់​ដួល​ស្លាប់​ភ្លាមៗ​នៅក្នុង​បន្ទប់ទឹក​តែ​ម្តង ហើយ​នៅពេល​សមត្ថកិច្ច​ទៅ​ពិនិត្យ​សព​នៅ​កន្លែងកើតហេតុ ឃើញ​តំណរ​ខ្សែភ្លើង​ធ្លាក់​នៅ​លើ​ទ្រូង​របស់​ស្ត្រី​រងគ្រោះ​។​

​ក្រោយពេល​កើតហេតុ​កូនស្រី​របស់​គាត់​ឈ្មោះ ភេ ស្រីណេត អាយុ​២០​ឆ្នាំ​ជា​កម្មករ​នៅ​រោងចក្រ​ស្បែកជើង​បានមកពី​ធ្វើការ​វិញ ពេល​មកដល់​ផ្ទះ​នាង​ក៍បាន​ស្រែក​ហៅ​រក​ម្តាយ តែ​មិន​ឭ​ម្តាយ​ឆ្លើយ ហើយ​នាង​ក៍បាន​ដើររក​ម្តាយ​នៅក្នុង​ផ្ទះ​តែ​មិនឃើញ​បន្ទាប់មក​នាង​បាន​ដើរ​ទៅ​មើល​ក្នុង​បន្ទប់ទឹក​ហើយ​ក៍បាន​ប្រទះ​ឃើញ​ម្តាយ​នាង​ដួល​ដេកស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​បាត់ទៅហើយ​។​

​ ​នៅក្នុង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំគ្នា​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ ហើយ​បាន​រកឃើញ​ស្នាម​ឆេះ​ខ្លោច​ដោយសារ​ខ្សែភ្លើង​ឆក់​នៅលើ​មេដៃ​ខាងស្តាំ ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​ពិតជា​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។​

​ ​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​កូនស្រី និង​សាច់ញាតិ​​ក្នុងភូមិ ដើម្បី​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​។​ករណី​រងគ្រោះ​នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​​ថា​បណ្តាល​មកពី​ស្ត្រី​រងគ្រោះ​ពុំ​មាន​បច្ចេកទេស​ត​ភ្លើង គឺ​ចេះ​តែ​ត​ភ្លើង​ទាំង​ប្រថុយប្រថាន​
​ទើប​បណ្តាលអោយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បែបនេះ​៕
2014-09-02_161902
2014-09-02_161837

​ ​

មតិយោបល់