កណ្តាលៈ កម្លាំងការិយាល័យប្រឆាំងបទល្មើសេដ្ឋកិច្ច បានបន្តដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់កាលពីវេលាម៉ោង៤និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូតិ៍លេខ១០ និងលេខ១១ ក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រតិបត្តិការណ៍បង្ក្រាបនេះដែរ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏ដូចជាលោកស្នងការនគរបាលខេត្តកណ្តាល ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក លឹម សុគន្ថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ទើបកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស និងសម្របសម្រួលនីតិវិធីផ្ទាល់ដោយព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចកើតហេតុខាងលើនេះតែម្តង។
ហើយការបង្ក្រាបនេះ គឺជាការបង្ក្រាបលើកទី២ ព្រោះសមត្ថកិច្ចធ្លាប់ដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងខាងលើនេះ ម្តងរួចមកហើយ ទើបនៅថ្ងៃនេះសមត្ថកិច្ចបានបន្តចុះទៅបង្ក្រាបម្តងទៀត ។
ជាក់ស្តែងសមត្ថកិច្ចធ្វើការដកហូតបាន ស្បៃមងក្រឡាញឹក (សៃយ៉ឺន), ព្រួលនិងឡុក ប្រវែងប្រមាណ ២៧,០០០ (ពីរម៉ឺនប្រាំពីរពាន់) ម៉ែត្រ , លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ, កូនត្រីចម្រុះប្រមាណ១,៦០០គីឡូក្រាម,បង្គោលស្មាច់ប្រមាណជិត ៧០០ ដើម ។ បច្ចុប្បន្នវត្ថុតាងទាំងនោះ ត្រូវបានសមត្ថកិច្ចរឹបអូស ដើម្បីបំផ្លាញចោលពេលក្រោយតាមនីតិវិធីច្បាប់៕
មតិយោបល់