ព័ត៌មានជាតិ

ជនបរទេសម្នាក់ ផឹកស្រាក្រឡុក ប្រកាច់ស្លាប់មួយរំពេច

ព្រះសីហនុៈ ជនបរទេសម្នាក់ អង្គុយផឹកស្រាក្រឡុកលើកៅអីផ្តៅ ប្រកាច់ដាច់ផ្ងារមកក្រោយ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេច ទោះបីជាមិត្តភក្តិបាននាំគ្នាលើកដាក់ឲ្យដេកលើពូក នៅក្បែរកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះបឋមក៏ដោយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឆ្នេរអូរឈើទាល ក្នុងបន្ទាយប៉េអឹមចាស់ ទល់មុខហាងបាក់ឃីតបារ ក្នុងក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ DAVID COOK ភេទប្រុស អាយុ៧១ឆ្នាំ កើតថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៤៦ សញ្ជាតិអង់គ្លេស ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែន លេខ 542945063 ផុតសុពលភាព ថ្ងៃទី១២ ខែ១០ ឆ្នាំ២០២៦ទិដ្ឋាការលេខ TI 12010060 ផុតសុពលភាព ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះបានចូលស្នាក់នៅ ផ្ទះសំណាក់ G.B.T2 បន្ទប់លេខ៥៦៣ កាលពីរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលបន្តថា ខណៈដែលជនរងគ្រោះ ចូលបន្ទប់ស្នាក់នៅរួច គាត់បានដើរលេងតាមឆ្នេរ រួចហើយក៏បានចូលផឹកស្រាក្រឡុក១កែវ និងស្រាបៀរ ១កែវ នៅមុខហាងខាងលើ ស្រាប់តែជនរងគ្រោះកើតមានអាការៈដង្ហក់ ធ្វើភ្នែកស្លឺ រួចក៏ប្រកាច់បះជើងទៅក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

យោងតាមការត្រួតពិនិត្យនិងធ្វើកោសល្យវិច័្ឆយរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខា ភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សាកសពនេះស្លាប់ដោយជំងឺគាំងបេះដូង។

បច្ចុប្បន្នសពជនរងគ្រោះ សមត្ថកិច្ចដឹកយកមករក្សារទុក នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារ និងស្ថានទូត មកទទួលយកទៅស្រុកកំណើតវិញ ៕

មតិយោបល់