ព័ត៌មានជាតិ

ពលការិនីខ្មែរ ជួបការលំបាកក្នុងការងារនៅម៉ាឡេស៊ី ចំនួន៤នាក់ ធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ

ភ្នំពេញ: ស្ថានឯកអគ្គរាជទូកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ចំនួន៤នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ឲ្យដឹងថា ពលការិនីខ្មែរ ចំនួន៤នាក់ ដែលត្រូវវិលត្រឡប់មកកម្ពុជាវិញ រួមមាន ទី១- ពលការិនី ច.ម.ន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ក្នុងខែធ្នូ ឆ្នាំ២០១៥ តាមរយ:ក្រុមហ៊ុន ម៉ាស្ទ័រខេម យូមេរីសស៍ ខូអិលធីឌី នៅកម្ពុជា និងធ្វើការជាអ្នកបោសសម្អាត។ ដោយធ្វើការលំបាកពេក ពលការិនី ច.ម.ន បានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជា វិញ ដោយពុំទាមទារប្រាក់ខែ ដែលនៅខ្វះមួយខែឡើយ ហើយបានមកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៧៖៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK537៦។

ទី២- ពលការិនី ម.ស.ម អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង បានទៅម៉ាឡេស៊ី ដោយជិះរថយន្តឆ្លងកាត់ប្រទេសថៃ ជាមួយមេខ្យល់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ និងស្នាក់នៅផ្ទះជាមួយមេខ្យល់។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយសង្ស័យថា គេប្រុងយកនាងទៅលក់ នាងបានរត់ចេញពីផ្ទះនោះ ទៅអង្គការ Tenagarita នៅរដ្ឋ Selangor។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានទូតបានទទួលយកនាងពីអង្គការ Tenagarita មកស្នាក់នៅស្ថានទូត។ ពលការិនី ម.ស.ម បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៣៖៥៥នាទីរសៀល តាមជើងយន្តហោះលេខ AK534។

លោកបន្តថា ពលការិនីទី៣- ឈ្មោះ ប.ក អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្ដាល បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយជិះរថយន្តឆ្លងកាត់ប្រទេសថៃ តាមរយ:ក្រុមហ៊ុន សេនជូរី (ខេមបូឌា) មេនោផោវ័រ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ និងធ្វើការតាមផ្ទះ។ ដោយធ្វើការលំបាកពេក ពលការិនី ប.ក បានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយពុំទាមទារប្រាក់ខែទេ។ ពលការិនី ប.ក បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤៖៣០នាទីរសៀល តាមជើងយន្តហោះលេខ AK543 និងទី៤- ពលការិនី សឡ.រហន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ដោយខ្លួនឯង នៅខែកញ្ញា ឆ្នាំ២០១៥ ធ្វើជាជាងកាត់ដេរ និងបានសម្រាលកូនប្រុសម្នាក់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យ Paret Buntas Perak រដ្ឋ Perak។ ក្រោយកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី បានយល់ព្រមមិនធ្វើការចោទប្រកាន់លើពលការិនីរូបនេះ ពីបទស្នាក់នៅហួសពេលកំណត់ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ។ ពលការិនី សឡ.រហន និងកូនប្រុស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦៖៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536។

គួរបញ្ជាក់ថា នៅអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនីទាំង៤នាក់ខាងលើផងដែរ៕

មតិយោបល់