ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆាប់ៗខាងមុខនេះ អាមេរិកនឹងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូង

អាមេរិក: មន្ត្រីជាន់ខ្ពស់អាមេរិក កាលពីថ្ងៃអង្គារបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយស្ថានីយ ប្រព័ន្ធការពារមីស៊ីលកម្ពស់ខ្ពស់ (THAAD) នៅកូរ៉េខាងត្បូង ឆាប់ៗខាងមុខនេះ តាមតែអាចធ្វើទៅបាន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក Daniel Russe ជំនួយការរដ្ឋលេខាធិការអាមេរិក បានប្រាប់អនុគណ:កម្មាធិការអាស៊ីប៉ាស៊ីហ្វិក នៃកិច្ចការបរទេសសភាថា «យើងមានបំណងដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េខាងត្បូង ឆាប់ៗខាងមុខ បន្ទាប់ពីកូរ៉េខាងជើងនៅតែបន្តគឃ្លើនធ្វើតេស្តមីស៊ីល បើទោះបីជាមានកាហាមឃាត់ ឬព្រមានដាក់ទណ្ឌកម្មពីអន្តរជាតិយ៉ាងណាក៏ដោយ»។

យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់រូបនេះ មិនទាន់បានបញ្ជាក់ពីពេលវេលាជាក់លាក់ ក្នុងការដាក់ពង្រាយ ប្រព័ន្ធប្រឆាំងមីស៊ីលនៅទ្បើយទេ ។

លោក Russel បាននិយាយផងដែរថា វិធានការដាក់ពង្រាយប្រព័ន្ធ THAAD នេះ គឺមិនមែនសម្រាប់ការពារ ចំពោះប្រទេសចិននោះទេ ប៉ុន្តែគឺសម្រាប់កូរ៉េខាងជើង។

កាលពីខែកក្កដារដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីដំឡើងស្ថានីយប្រព័ន្ធប្រឆាំងមីស៊ីល THAAD ក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងឆ្នាំក្រោយនេះ ដោយអះអាងថា វាត្រូវបានធ្វើទ្បើងក្នុងបំណង ដើម្បីទប់ស្កាត់កាំជ្រួចមីស៊ីលពីកូរ៉េខាងជើងប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ប្រទេសចិន និងរុស្ស៊ីបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ទៅនឹងការដាក់ពង្រាយ THAAD របស់អាមេរិកនេះ ដោយលើកទ្បើងថា វាមិនមែនជាការការពារនោះទេ តែជាបង្កើនកម្ដៅនយោបាយ និងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ព្រមទាំងគំរាមគំហែងផ្នែកសន្តិសុខពិភលោកទៅវិញ៕

u-s-to-deploy-thaad-system-in-s-korea-as-soon-as-possible

មតិយោបល់