ភ្នំពេញៈ រាជរដ្ឋាភិបាលបានជំរុញឲ្យមានការបែងចែកអំណាចសម្រាប់វិស័យអប់រំទៅឲ្យថ្នាក់ក្រោមជាតិទទួលរ៉ាប់រង ដើម្បីធានាបាននូវគុណភាព អប់រំ និងសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា។ គោលដៅពង្រឹងគុណភាពនៃការអប់រំនៅតាមសាលារៀន ត្រូវបានផ្តោតការគាំទ្រដ៏ប្រយ័ត្នប្រយែងចំពោះការអភិវឌ្ឍន៍ និងការគ្រប់គ្រងប្រព័ន្ធអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន និងការពង្រឹង ការអប់រំនៅមធ្យមសិក្សា។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈលើកកម្ពស់វិស័យអប់រំ និងការបែងចែកអំណាចទៅដល់វិស័យនេះ។ សម្តេចក្រឡាហោម បន្តថា «មានធនធានមនុស្ស គឺមានអ្វីៗទាំងអស់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស បើទោះជាមិនទាន់ជោគជ័យគួរជាទីពេញចិត្តនៅឡើយក្តី»។ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ការអប់រំ គឺជាការងារដ៏សំខាន់មួយ ដែលត្រូវបានរាជរដ្ឋាភិបាល បែងចែកអំណាចទៅឲ្យថ្នាក់ក្រោមជាតិទទួលខុសត្រូវ។
សម្តេចក្រឡាហោមបានមានប្រសាសន៍ខាងលើនេះ កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៦ ក្នុងពិធីជាអធិបតីសម្ពោធអគារសិក្សាចំនួន១ខ្នង មាន១០បន្ទប់ នៅក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ រាជធានីភ្នំពេញ ។
អគារសិក្សានេះ ធ្វើពីឥដ្ឋប្រក់ក្បឿង កម្ពស់៣ជាន់ រាប់ទាំងជាន់ផ្ទាល់ដី មានទំហំទទឹងប្រវែង៩ម៉ែត្រ និងបណ្តោយប្រវែង៤៨ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែសីហា ឆ្នាំ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែឧសភាឆ្នាំ២០១៦។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រៅពីសំណង់អគារសិក្សានេះ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត គិតជាទឹកប្រាក់ក្នុងការចំណាយជាង ១,៥៩៣ ពាន់លានរៀន ដែលជាកញ្ចប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ។ លោកមានប្រសាសន៍ថា អគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ នឹងក្លាយជាធាតុចូលបន្ថែមដ៏សំខាន់ ក្នុងការកសាងមូលធនធានមនុស្សនៅកម្ពុជា ពិសេសចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាបព្រោះចំណេះដឹង និងបណ្តុះបណ្តាលស្មារតីសិស្សានុសិស្ស គ្រប់រូបឲ្យមានមោទនភាពជាតិ មានសីលធម៌ល្អ សុច្ចរិតធម៌ និងគុណធម៌ខ្ពស់ ព្រមទាំងមាន សុទិដ្ឋិនិយម ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
លោកអភិបាលបញ្ជាក់ថា «អគារសិក្សា១ខ្នងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្តល់ជូនវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំ អភិវឌ្ឍធនធានមនុស្ស និងពង្រីកការផ្តល់សេវាអប់រំ ក្នុងមូលដ្ឋាននេះឲ្យកាន់តែប្រសើរឡើង»។
កាលពីឆ្នាំ១៩៧៩-១៩៨០ នៅទូទាំងរាជធានីភ្នំពេញ មានតែសាលាបឋមសិក្សាចំនួន៤០ទីតាំង អនុវិទ្យាល័យ៣ទីតាំង និងគ្មានវិទ្យាល័យនោះឡើយ ព្រមទាំងមានសិស្សចូលរៀនត្រឹមតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ឆ្នាំសិក្សា២០១៥-២០១៦ សាលាបឋមសិក្សា បានកើនឡើងដល់១៦៤ទីតាំង អនុវិទ្យាល័យចំនួន៣២ទីតាំង វិទ្យាល័យចំនួន៣៤ទីតាំង និងសាលាមតេយ្យសិក្សា មានចំនួន២៤ទីតាំង ព្រមទាំងមានសិស្សចូលរៀនជាង៣០ម៉ឺននាក់ ៕









មតិយោបល់