អគ្គស្នងការនគរបាលជាតិជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញៈ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួបពិភាក្សាការងារ ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ លោក វ៉ាង សៀហុង (Wang Xiaohong) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាស្នងការ នគរបាលទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងប្រាប់ លោក វ៉ាង សៀហុង ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមកក៏ដូចជាពេល បច្ចុប្បន្ននេះមានលក្ខណៈប្រសើរ ហើយជាពិសេសទៀតនោះ គឺទំនាក់ទំនងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈចិន ដែលកន្លង មកបានជួយដល់នគរបាលកម្ពុជា ទាំងសម្ភារ ស្មារតី និងការបណ្តុះ បណ្តាលផងដែរ។

ជាការឆ្លើយតប លោក វ៉ាង សៀហុង អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈ និងជាស្នងការនគរបាលទីក្រុងប៉េកាំង បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូកម្ពុជាដែលបានទទួលស្វាគមន៍ចំពោះឯកឧត្តមហើយបានទទួលស្គាល់ចំពោះការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ពីទំនាក់ទំនងកម្ពុជានិងចិន ដែលមានជាយូរណាស់មកហើយ ហើយចិននៅតែរក្សានូវទំនាក់ទំនងល្អនេះជារៀងរហូត។

លោក វ៉ាង សៀហុង បានបញ្ជាក់ពីគោលបំណងថា កាលដែលលោកមកកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សាជាមួយនឹងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរៀបចំទទួលដំណើរទស្សនកិច្ចលោកប្រធានាធិបតីចិន ដែលនឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ និងគោលបំណងមួយទៀតគឺ មកជំរុញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានជម្រាបជូនថា លោកបានទទួលដំណឹងពីដំណើរទស្សនកិច្ចនេះហើយៗ លោកក៏បានណែនាំទៅដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាធ្វើយ៉ាងណាឲ្យទស្សនកិច្ចនេះទទួលបានជោគជ័យ៕

photo_2016-09-28_13-18-16photo_2016-09-28_13-18-02photo_2016-09-28_13-18-04photo_2016-09-28_13-18-06photo_2016-09-28_13-18-08photo_2016-09-28_13-18-09photo_2016-09-28_13-18-10photo_2016-09-28_13-18-12photo_2016-09-28_13-18-14

មតិយោបល់