ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូម៉ាកវ៉េវមួយគ្រឿងរបស់ប្រជាពលរដ្ឋតែមិនបានសម្រេចត្រូវបានជនរងគ្រោះឃើញទាន់ស្រែកឆោឡោដេញចាប់ខ្លួនបាន។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ ១១១E1 ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ សំ ធារ៉ូ អាយុ២១ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចតម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-5166 មួយគ្រឿងរបស់ខ្លួននៅខាងក្រោមផ្ទះ ដោយបានចាក់សោរកត្រឹមត្រូវក៏ឡើងទៅលើបាត់បានមួយសន្ទុះ ក៏ស្រាប់ តែឮសំឡេងបញ្ឆេះម៉ូតូ។ពេលដែលបានឭបែបនោះ ក៏អើតមើលស្រាប់តែបានឃើញបុរសម្នាក់កំពុងតែឡើងជិះម៉ូតូរបស់ខ្លួននិងជិះចេញ ហើយរូបគេក៏បានស្រែកឆោឡោឡើងធ្វើឲ្យមានការភ្ញាក់ផ្អើល និងដេញតាមចាប់ខ្លួនបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរនិងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីឃុំខ្លួនបណ្តោះអាសន្ន កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូដែលដកហូតពីជនសង្ស័យបាន ពេលនេះបានប្រគល់ទៅឲ្យជនរងគ្រោះវិញហើយ ៕



មតិយោបល់