ភ្នំពេញៈ បុរសវ័យ២៧ឆ្នាំ ឈ្មោះ យឺន មីន ត្រូវបានលោក ជា សុច័ន្ទដេត ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោសកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមបទចោទប្រកាន់ ឃាតកម្មគិតទុកជាមុន ដោយយកខ្សែលួសរឹតកសម្លាប់ជនរងគ្រោះ ឈ្មោះ ជឿន សារុំ ភេទប្រុស អាយុ១៨ឆ្នាំ ប្លន់យកម៉ូតូ និងទូរស័ព្ទដៃ ប្រព្រឹត្តកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបើយោងតាមបទចោទប្រកាន់នេះជនជាប់ចោទអាចនឹងប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារអសផមួយជីវិត។
នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ជនជាប់ចោទឈ្មោះ យឺន មីន បានសារភាពថា ខ្លួនពិតជាបានរៀបចំធ្វើសកម្មភាពសម្លាប់ជនរងគ្រោះពិប្រាកដមែន ដោយសារតែខ្លួនគ្មានលុយទិញគ្រឿងញៀនជក់ ទើបបែកគំនិតសម្លាប់មិត្តភក្តិប្លន់យកម៉ូតូ និងទូរស័ព្ទ យកទៅលក់បាន៣០០ដុល្លារដើម្បីទិញគ្រឿងញៀនជក់។
សំណុំរឿងនេះ នឹងត្រូវតុលាការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ខាងមុខ៕
មតិយោបល់