ភ្នំពេញៈ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពី ទៅលេងស្រុកកំណើតមួយថ្ងៃមួយយប់ វិលត្រឡប់មកវិញ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចគាស់សោបន្ទប់ជួលលួចយកទ្រព្យសម្បត្តិនិង រម៉កម៉ូតូទៅបាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង ហ៊ាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរលក់បន្លែ ផ្លែឈើ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា គាត់និងក្រុមគ្រួសារបាននាំគ្នាទៅស្រុកកំណើត ដើម្បីធ្វើបុណ្យកាន់បិណ្ឌវេនទី១១ ហើយចាក់សោផ្ទះទុកចោល រីឯរម៉កម៉ូតូកញ្ចាស់មួយគ្រឿងចតចាក់សោរទុកមុខបន្ទប់ រួចក៏ចាកចេញទៅបាត់ រហូតក្រោយពីបញ្ចប់ថ្ងៃកាន់បិណ្ឌ ធ្វើបុណ្យរួចរាល់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះក៏នាំគ្នាទាំងក្រុមគ្រួសារវិលមកភ្នំពេញវិញ មកដល់បន្ទប់ ស្រាប់តែឃើញទ្វារបន្ទប់ចំហរ រម៉កម៉ូតូក៏បាត់សម្ភារៈក្នុងផ្ទះបាត់បង់អស់មួយចំនួន លុយជាង១០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ បាត់បង់ ទើបដឹងថា បន្ទប់គាត់ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួចគាស់ ។ ក្រោយពីបាត់បង់សម្ភារៈ ទ្រព្យសម្បត្តិមួយចំនួន ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់