ព័ត៌មានជាតិ

Update៖ ដាច់លុយទៅស្រុកពេលភ្ជុំបិណ្ឌ បែកគំនិតវាយប្លន់អ្នករត់ម៉ូតូឌុបតែសំណាងមិនល្អត្រូវប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនខណៈធ្វើសកម្មភាព វាយប្លន់អ្នករត់ម៉ូតូឌុបមិនបានសម្រេច។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅទល់មុខក្រសួងកិច្ចការនារី តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ មាស ប្រុញ ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ បានឲ្យដឹងថាមុនពេលកើតឡើងគាត់បានឌុបជនសង្ស័យចេញពីផ្សារហេងលី ទៅម្ដុំបុរីសន្ដិភាព២ លុះមកដល់ចំណុចកើតហេតុជនសង្ស័យ​ឃើញស្ថានភាពស្ងាត់បានឲ្យម្ចាស់ម៉ូតូឌុបឈប់ដើម្បីបត់ជើងតូច ខណៈនោះជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់ម្ចាស់ម៉ូតូតែម្ដង តែត្រូវបានម្ចាស់​ម៉ូតូ​វាយតបវិញ ភ្លាមនោះៗដែរប្រជាពលរដ្ឋបានឃើញហេតុការណ៍ហើយបាននាំគ្នាពទ្ធ័ចាប់វាយជនសង្ស័យឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច​ប៉ុស្ដិ៍​នគរ​បាលរដ្ឋបាលស្ទឹងមានជ័យចាត់ការបន្ដ។ ជនសង្ស័យរូបនេះមានឈ្មោះ សន សុវណ្ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ​តាមនិតិវិធី​ច្បាប់ ៕

https://youtu.be/KQ5doEdbmKU

មតិយោបល់