ព័ត៌មានជាតិ

លោក ថោង ខុន ៖ ដាក់​​ផែនការ​កំណែ​​ទម្រង់​វិស័យ​ទេសចរណ៍៤សំខាន់ ដោយមាន​ចលនា​ប្រឡង​​ប្រណាំង​ ទីក្រុងស្អាត រមណីយ​ដ្ឋាន​ស្អាត សេវាល្អ និងបដិសណ្ឋារ​កិច្ច​​ល្អ

ភ្នំពេញ: ដើម្បីរួមចំណែកដល់ការសម្រេចបាននូវទស្សនទានក៏ដូចជាឆ្លើយតបនឹងកំណើនទេសចរឥតឈប់ឈរ ប្រមុខរាជរដ្ឋាភិបាលទាមទារការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់ និងហ្មត់ចត់ ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់វិស័យទេសចរណ៍ (២០១៥-២០១៨) ផ្តោតលើមុំបួនជាអាទិភាព ដោយមានចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ជាស្នូល។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងនៅក្នុងពិធិបិទទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ជាយន្តការដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់បង្កើតឱ្យមានស្តង់ដាលើគ្រប់សេវាកម្មទេសចរណ៍ “សេវាមួយ ស្តង់ដាមួយ”។

លោករដ្ឋមន្រ្តីបន្តថា ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវ: ដោយដាក់ចេញនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ជាពិសេសការផ្សព្វផ្សាយ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតថ្មី និងនិវានុវត្ត ជារឿងចាំបាច់ដែលត្រូវអនុវត្តឲ្យបានយ៉ាងល្អ។

ក្រៅពីនេះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យនេះ ស្របតាមទស្សនទាន “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដោយបានដាក់ចេញនូវអនុសាសន៍សំខាន់ៗជាច្រើនបន្តរួមគ្នាដើម្បីជម្រុញការអភិវឌ្ឍទេសចរណ៍ ដែលមានការគិតគូរពីការជម្រុញភាពទៅដល់សម្រាប់ទាំងអស់គ្នា (Accessible Tourism) ។

លោករដ្ឋបន្ថែមថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ជាតិសាសន៍ គ្រប់ស្រទាប់វណ្ណ: គ្រប់វ័យ រួមទាំងទេសចរវ័យក្មេង ទេសចរវ័យចំណាស់ និងទេសចរដែលមានពិការភាព ដោយគ្មានការរើសអើង ហើយភ្ញៀវទេសចរទាំងអស់មិនត្រូវ បានកាត់ផ្តាច់ចេញពីការទទួលផលពីការអភិវឌ្ឍវិស័យទេសចរណ៍ឡើយ ដែលនេះសបញ្ជាក់ឱ្យឃើញច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធផ្នែកសាធារណ: វិស័យឯកជន ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍក្នុងការទទួលស្គាល់ និងគោរពនូវសិទ្ធិរបស់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្តដោយទទួលបាននូវការធានាសន្តិសុខ សុវត្ថិភាពពេញលេញ សិទ្ធិសេរីភាពក្នុងការធ្វើដំណើរ សិទ្ធិក្នុងការទទួលបានព័ត៌មានពិត សិទ្ធិទទួលបានសេវាកម្មពិតមិនក្លែងបន្លំ សិទ្ធិទទួលបានសេវាសុខាភិបាល។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា អនុលោមតាមមាត្រា ៤៨ នៃច្បាប់ស្តីពីទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវ:សកលសម្រាប់វិស័យទេសចរណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ជាផ្លូវការ ដើម្បីសម្របសម្រួលដោះស្រាយវិវាទ និងការប្រតិបត្តិតាមកាតព្វកិច្ចក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីទេសចរណ៍។

និងបន្តរួមគ្នាចូលរួមជម្រុញការអភិវឌ្ឍទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដើម្បីធានាឱ្យបានថា “កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងផ្តល់ភាពកក់ក្តៅ”គិតគូរពីការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ តាមរយ:ការដាក់ចេញចលនា “ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ឱ្យបានស្របទៅនឹងនិន្នាការទេសចរណ៍ពិភពលោកគឺ ស្អាត និងបៃតង (Clean & Green) ដើម្បីទ្រទ្រង់កំណើនដ៏គំហុកនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕

photo_2016-09-29_12-54-46

photo_2016-09-29_12-54-47

មតិយោបល់