ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកកិច្ចប្រជុំមួយស្តីពីការផ្សព្វផ្សាយផែនការណែនាំនិងចាត់តាំងអនុវត្តន៍គោលការណ៍របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក្រោមអធិបតីភាពរបស់លោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមសំណាក់មេបញ្ជាការរង នាយរងសេនាធិកា ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការក្រុង-ស្រុក-ស្នាក់ការសន្តិសុខ មេបញ្ជាការគ.ចល័ត និងនាយ នាយរងអាវុធហត្ថ ទាំងអស់សរុបមានចំនួន ៨០នាក់។
ក្នុងពិធីនោះដែរលោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានមានប្រសាសន៍លើកឡើងអំពីវិធានសម្ងាត់ការផ្ទៃក្នុងដែលមាន០៩ចំណុចរបស់កងរាជអាវុធហត្ថ។
លោកបានបន្តថា អាវុធហត្ថត្រូវត្រួតពិនិត្យរបាយការណ៍នៃការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែព្រមទាំង ទិសដៅការងារត្រីមាសទី៤ ក្នុងឆ្នាំ២០១៦នេះ។ អាវុធហត្ថទាំងអស់ត្រូវរៀបចំកម្លាំងចុះតាមគោលដៅដើម្បីពង្រឹងនិងការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព្រមទាំងរំលឹកនិងជំរុញដល់នាយ នាយរងអាវុធហត្ថទាំងអស់ឲ្យទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នាផងដែរ។ ជាចុងក្រោយលោកបានបញ្ជាក់ប្រាប់ដល់មន្ត្រីក្រោមឱវាទទាំងអស់ឲ្យអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជានិច្ច ៕





មតិយោបល់