ព្រះវិហារៈ អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា បានប្រាប់ ផូសញូ គិតត្រឹមម៉ោង ៩ និង២០នាទីយប់នេះ អគ្គិភ័យបានរលត់ហើយ ក្រោយសមត្ថកិច្ចបញ្ចេញឡានទឹកអស់ជិត ១០គ្រឿង និងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ០៤ខ្នង ក្នុងនោះមានផ្ទះលក់ហ្គាស និងផ្ទះមួយទៀតលក់គោយន្តច្រើនគ្រឿង។
លោកអភិបាលខេត្តបានប្រាប់ទៀតថា ក្នុងរយៈពេលប្រមាណជាង ២ម៉ោង អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ៤ខ្នង ជាមួយគ្នានោះដែរ លោក អភិបាលខេត្តព្រះវិហារបានចុះទៅដល់កន្លែងកើតហេតុ និងបានចូលរួមបញ្ជាកម្លាំងប្រតិបត្តិការផ្ទាល់ផងដែរ។
អគ្គិភ័យដែលបានកើតឡើងនៅស្រុកស្រអែម ខេត្តព្រះវិហារ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ០៤ខ្នង ចំណែកសមត្ថកិច្ចវិញ គឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជិត ១០គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
សូមជំរាបផងដែរថា បើតាមអភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា បានប្រាប់ ផូសញូ កាលពីពេលមុននេះថា គិតត្រឹមម៉ោង ៧ និង៤០នាទីយប់នេះ ផ្ទះប្រជាពលរដ្ឋ ៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ នៅចំណុចជិតរង្វង់មូលស្រអែម នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមលោកអភិបាលខេត្ត អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៧ និង១០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញានេះ។ ពេលនេះលោកកំពុងបញ្ជាសមត្ថកិច្ចឲ្យចេញអន្តរាគមន៍ជាបន្ទាន់ ហើយទោះជាបែបណាក៏ដោយ អគ្គិភ័យនៅតែបន្តឆាបឆេះ ខណៈមូលហេតុត្រូវបានគេដឹងថា កើតឡើងពីការឆ្លងចរន្តអគ្គិសនី៕
មតិយោបល់