កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារបានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យជាមួយពុទ្ធបរិស័ទនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវគ្រឿងសក្ការៈបូជា ដែលមានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ហើយនិងនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសមគ្គផលជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកា ទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅហើយ ជាពិសេសឧទ្ទិសចំពោះវិញ្ញាណក្ខ័ន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុកម្តាយបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន និងឧទ្ទិសចំពោះវិញ្ញាណនក្ខ័ន្ធលោកមហាឧបាសក លីន គ្រី ដែលជាឪពុកបង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏បានឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជនស្នេហាជាតិគ្រប់រូប យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទវិញ្ញាណក្ខន្ធប្រជាពលរដ្ឋស្លូតត្រង់ដែលបាត់បងជីវិតក្នុងរបប ប៉ុល ពត ផងដែរ សូមមកទទួលមគ្គផល និងបានសោយសុខក្សេមក្សាន្ត និងសូមបារមីដែលថែរក្សាក្នុងលោក ជាពិសេសបារមីថែរក្សាវត្តវាំងចាស់ សូមជួយថែប្រជាជន និងប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាពតទៅ។
គួរកត់សម្គាល់ថា ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់ មានជាប់ពាក់ព័ន្ធ ទៅនឹងប្រវត្តិសាស្ត្រខ្មែរ ជាអតីតព្រះបរមរាជវាំង របស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំកសាងវត្តនេះឡើងវិញ ចាប់ពីឆ្នាំ ១៩៩៦មក ម៉្យាងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងម៉្យាងដើម្បីរក្សាបាននូវ ទីតាំង ប្រវត្តិសាស្ត្រ និងវប្បធម៌ សម្រាប់ការ សិក្សាស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។ វត្តវាំងចាស់ មាននាមដើមថា វត្តហរិរក្សរាជិនី។ ចំណេរក្រោយមក វត្តនេះត្រូវបាន ហៅក្លាយថា វត្តក្នុងវាំង ឬ វត្តវាំងចាស់ តរៀងមក។ នាសម័យដើម វត្តនេះ មានភាពរុងរឿង ជាវត្ដសំបូរទៅដោយ គម្ពីរដីកា ភាសាបាលី និងសំរាយ ជាវត្ដដែលបណ្ដុះ ព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភ របស់ ព្រះមហាក្សត្រខ្មែរ ។ ប៉ុន្ដែ វត្ថុបុរាណ និង សមិទ្ធផលទាំងឡាយ នៅក្នុងទីអារ៉ាមនេះ ត្រូវបានបាត់បង់ អន្ដរាយអស់ ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរ បាន ដំណើរការឡើងវិញ ប៉ុន្តែដំបូងនោះ មានតែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់ ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ១៩៩៦ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម បានដឹកនាំកសាង ទីអារាមប្រវត្តិសាស្ត្រនេះឡើង វិញ បានរីកចម្រើនគួរឲ្យកត់សំគាល់ ។ សមិទ្ធផល ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំកសាង នៅក្នុងទីអារាមនេះ មានដូចជា ព្រះវិហារ ដងទង់ របង ក្លោងទា្វរ ឧបដ្ឋានសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រមទាំងផ្លូវបេតុងនិងសមិទ្ធផលនានាជាច្រើនទៀត ដែល បម្រើឲ្យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ៕
មតិយោបល់