(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងមិនបានសម្រេច ត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកថា ចោរៗ ពេលនោះប្រជាពលរដ្ឋបាននាំគ្នាចាប់វាយជិតស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ9Eo ផ្លូវលេខ107 ក្រុមទី12 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បើតាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅទិញថ្នាំពេទ្យនៅម្តុំលោកសង្ឃ ដើម្បីយកថ្នាំទៅឲ្យម្តាយ នៅពេលដែលជនរងគ្រោះបានទិញថ្នាំរួចហើយ ក៏បានត្រឡប់ទៅផ្ទះវិញ រួចក៏បានទុកម៉ូតូរបស់ខ្លួននៅក្នុងរបងផ្ទះ ហើយបានចាក់សោរកម៉ូតូ ដោយមានសន្តិសុខយាមផ្ទះនៅទីនោះផងដែរ ។
លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត សន្តិសុខយាមផ្ទះឈ្មោះ សុខហាន បានដេកលក់មួយភ្លែតភ្ញាក់ឡើងឃើញជនសង្ស័យកំពុងតែបណ្តើរម៉ូតូចេញបានប្រហែលជា ២០ម៉ែត្រក៏បានស្រែកថា ចោរៗ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលនៅទីនោះ បាននាំគ្នាព្រួតវាយជនសង្ស័យបណ្តាលឲ្យជិតស្លាប់ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានជិះល្បាតឃើញដូចនេះ បានចុះមកជួយអន្តរាគមន៍ ហើយបានសួរនាំថា មានរឿងអ្វី ពេលនោះ ប្រជាពលរដ្ឋបានប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានថា នេះគឺជាចោរលួចម៉ូតូ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសាកសួរបន្ត ។
ជនសង្ស័យមានឈ្មោះ ប្រុស ភក្ត្រ័ ហៅ អាខ្មៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅដេកលើសួនច្បារមាត់ទន្លេសាបក្បែរវត្តភ្នំ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សន ចាន់ដារ៉ា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើការដកហូតនៅវត្ថុតាងដែលជនសង្ស័យបានធ្វើសកម្មភាពរួមមាន ម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយសារគីស្ទេប ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-4544 និងប្រដាប់កាច់កម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់