ព័ត៌មានជាតិ

បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារកន្លងមក ត្រូវសមត្ថកិច្ចចាប់ដាក់បញ្ចូលវិញ ពាក់ព័ន្ធករណីហិង្សា

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី មានករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមិនរាងចាល នៅចំណុចផ្ទះរបស់ឈ្មោះ ធឿន វិច្ឆិកា ស្ថិតក្នុង ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ធឿន វិច្ឆិកា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាបងស្រីបង្កើត) ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ធឿន ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្អូនប្រុសបង្កើត) ។

វត្ថុតាងចាប់យក៖ ចបជីក ចំនួន១ ធ្វើអំពីដែកបំពង់ មានតឫស្សីផ្នែកខាងចុង សរុបមានប្រវែង ១.២៥ម (ដែក មានប្រវែង ១.០៦ម និងឫស្សី មានប្រវែង ១៩ស.ម) ។

កន្លងមកជនសង្ស័យឈ្មោះ ធឿន ឧត្តម ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្ដាល ចំនួន ០១លើក រយៈពេល ០៦ខែ ពីបទ: ធ្វើឲ្យខូចខាតដោយចេតនា កាលពីឆ្នាំ២០២០ ។ បន្ទាប់ពីបានចេញពីពន្ធនាគារ ជនសង្ស័យតែងតែដើរលេង និង ផឹកស្រាជាប្រចាំ មិនគិតជួយធ្វើការងារផ្ទះក្រុមគ្រួសារឡើយ ។

បន្ទាប់មកនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី ឪពុករបស់ជនសង្ស័យបានស្ដីប្រដៅណែនាំ ឱ្យជនសង្ស័យឈប់ដើរលេង និងផឹកស្រា ហើយខំជួយធ្វើការក្រុមគ្រួសារទៅ ពេលនោះស្រាប់តែជនសង្ស័យខឹង ហើយបានយកចបជីក ទៅវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ បណ្ដាលឲ្យមានការខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួន ។ បន្ទាប់មកស្អែកឡើងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ធឿន វិច្ឆិកា ត្រូវជាបងស្រី បន្ទាប់ពីឃើញប្អូនរបស់ខ្លួនប្រព្រឹត្តទង្វើខាងលើ ក៏បានស្ដីប្រដៅណែនាំបន្ថែម បណ្ដាលឱ្យជនសង្ស័យខឹង រួចក៏បានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះតែម្ដង ។

ដោយទ្រាំនឹងទង្វើរបស់ប្អូនខ្លួនមិនបាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល អោយជួយអន្ដរាគមន៍ ។ ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង
ចាត់ការតាមនីតិវិធី ៕

មតិយោបល់