ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតបានថ្នាំញៀន១១កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់១ ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរនូវ​សារធាតុញៀន​ខុស​ច្បាប់ បន្ទាប់ពីត្រួតពិនិត្យដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់តូច ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទី យប់ថ្ងៃទី៣ខែ​តុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចម្តុំផ្លូវរថភ្លើង ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ ឡេង ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូឌុប ស្នាក់នៅផ្ទះ​ជួលម្តុំផ្លូវរថភ្លើងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់តូច ដែល​ជនសង្ស័យបានដាក់ក្នុងកញ្ចប់បារី ។

ប្រភពដដែលបានបន្តថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី១ បានដឹកនាំកម្លាំងចុះល្បាត​ក្នុងភូមិ​សាស្ត្រ លុះបានមកដល់ចំណុចកើតហេតុ ម្តុំផ្លូវរថភ្លើង ក៏ប្រទះឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យ​សមត្ថកិច្ចបានឃាត់ឲ្យឈប់​ដើម្បីត្រួត​ពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន១១កញ្ចប់ដែលជនសង្ស័យបានលាក់ទុកនៅក្នុងកញ្ចប់បារី ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកក់ទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន​ខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួន​ជនសង្ស័យនិងវត្ថុតាងទៅ​កាន់តុលាការ​ចាត់ការតាមផ្លូវច្បាប់ ៕

ជួញដូរគ្រឿងញឿន

ជួញដូរគ្រឿងញឿន

ជួញដូរគ្រឿងញឿន

មតិយោបល់