ភ្នំពេញៈ បុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌូក គ្រាន់តែឃើញសមត្ថកិច្ចល្បាតក៏ប្រញាប់បើកម៉ូតូរត់គេច សមត្ថកិច្ចមានការសង្ស័យដេញតាមពីក្រោយ រហូតបើកម៉ូតូធ្លាក់ជង្ហុគ បណ្តាលឲ្យដួលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានដើម្បីធ្វើការសាកសួរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវដួងងៀប ក្នុងខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះធ្វើការល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-1103 ឌុបគ្នាដោយមានការសង្ស័យសមត្ថកិច្ចបានជិះដេញតាមដើម្បីសុំឃាត់ធ្វើការឆែកឆេរនិងត្រួតពិនិត្យ ខណៈនោះគ្រាន់ឃើញសមត្ថកិច្ចបុរសខាងលើក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួនទៅមុខទៀត ដោយមិនព្រមឈប់នោះឡើយ ។ លុះបើកមកដល់ផ្លូវដួងងៀប ក៏របស់បុរសខាងលើបានបើកធ្លាក់ជង្ហុគបណ្តាលឲ្យដួល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់យកមកកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងឆែកឆេរ និងសាកសួរ មិនឃើញមានអ្វីសង្ស័យនោះ សមត្ថកិច្ចបានសម្រេចសុំឲ្យបុរសទាំង២នាក់ យកឯកសារដែលពាក់ពន្ធ័ជាមួយនឹងម៉ូតូខាងលើ យកមកឲ្យសមត្ថកិច្ចត្រួតពិនិត្យឲ្យបានត្រឹមត្រូវសិន ទើបសមត្ថកិច្ចអនុញ្ញាតិឲ្យអ្នកទាំង២ រួមនិងម៉ូតូត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់