ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែត២នាក់

រតនគិរី: កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះបានឃាត់ខ្លួនជនសង្ស័យជាអ្នកកាសែត២នាក់ ក្រោយពីអ្នកដឹកឈើតាមម៉ូតូប្តឹងទៅនឹងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងថា មានជនមិនស្គាល់មុខដេញគៀរម៉ូតូពួកគាត់ឲ្យឈប់តែពួកគាត់បន្ថែមល្បឿនចូលដល់ក្នុងផ្ទះស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹកន្សែង ក្រុងបានលុង ខេត្តរតនគិរី ខណ:នោះដែរកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់ក៏ប្រទះឃើញ បុរសចំនួន២នាក់សង្ស័យថាស្ថានភាពមិនល្អក៏បាននាំមកប៉ុស្តិ៍សង្កាត់បឹងកន្សែង។

បើតាមម្ចាស់ម៉ូតូដឹកឈើចំនួន៣ដុំនេះបានប្រាប់នគរបាលប៉ុស្តិ៍បឹងកន្សែងឲ្យដឹងថា គាត់ឃើញជនទាំង២នាក់នេះជិះម៉ូតូឌុបគ្នាដេញគាត់ និងគៀរម៉ូតូឲ្យឈប់ដោយគាត់មានការភ័យខ្លាចក្រែងក្រុមក្មេងស្ទាវស្ទាក់វ៉ៃគំរាមយកលុយ ទើបគាត់សុំអន្តរាគមន៍ទៅនគរបាលប៉ុស្តិ៍ដែលនៅក្បែរនោះនគរបាលប៉ុស្តិ៍បឹងកន្សែងប្រាប់ឲ្យដឹងថា ក្រោយពីសួរនាំអ្នកទាំង២នេះទើបដឹងថាពួកគាត់ជាអ្នកកាសែត ដោយក្នុងនោះមានទី១ឈ្មោះ តែ ផានិត អ្នកយកព័ត៌មានឲ្យអង្គភាពរស្មីព្រះវិហារ ដែលមានចាងហ្វាងការផ្សាយឈ្មោះ ឈុន ឌឹម ផុតកំណត់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ (សុពលភាពការប្រើប្រាស់កាតសម្គាល់ខ្លួន) និងទី២ឈ្មោះ ឆែម វ៉ានី ភ្នាក់ងារសារព័ត៌មានឲ្យអង្គភាពមាតុភូមិ (ប្រចាំខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ) ដែលមានចាងហ្វាងការផ្សាយឈ្មោះ ឱម ច័ន្ទតារា (មានសុពលភាពថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦)។

នគរបាលប៉ុស្តិ៍ដដែលបានប្រាប់បន្តទៀតថាបន្ទាប់ពីសាកសួរ និងត្រួតពិនិត្យមើលប័ណ្ណសម្គាល់ខ្លួនរួចមកត្រូវបានថ្នាក់លើឲ្យត្រឡប់ទៅផ្ទះវិញ។ នគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងបានបន្ថែមឲ្យដឹងទៀតថា ក្នុងភូមិសាស្ត្ររបស់ខ្លួនមួយរយ:ពេលនេះមានមនុស្សប្លែកមុខជាច្រើន ហើយករណីចោរលួច ចោរឆក់ ក៏កើតមានដែរ ដូច្នេះត្រូវតែរឹតបន្តឹងដើម្បីការពារសុវត្ថិភាពសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

គួបញ្ជាក់ថា បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅខេត្តរតនគិរីមានអ្នកកាសែតប្រមាណជាង៧០នាក់ដែលពួកគាត់ខ្លះជាអ្នករត់ម៉ូតូឌុប លក់បន្លែ លក់ពងទារ ជាងសំណង់ ជាដើម ត្រូវបានមេខ្យល់គៀងគរឲ្យធ្វើប័ណ្ណព័ត៌មានដោយអះអាងថាចាងហ្វាងកាសែតនៅភ្នំពេញឲ្យជ្រើសរើសអ្នកព័ត៌មានដោយថ្នូរនឹងលុយ១០០ដុល្លា ទៅ២០០ដុល្លា ជាមួយគ្នា និងសកម្មភាពក្រុមអ្នកសែតដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីបានធ្វើការរិ:គន់ដោយមានមតិលើកឡើងស្រដៀងគ្នាថា ឃើញតែក្រុមអ្នកកាសែតប្រមូលផ្តុំគ្នាចាំដេញម៉ូតូ ដឹកឈើ ដោយពុំដែលឃើញពួកគាត់ធ្វើការតាមវិជ្ជាជីវ:ព័ត៌មាននោះទេ។ ដូច្នេះមន្ទីរព័ត៌មានខេត្តរតនគិរីគួរតែកោះហៅពួកគាត់ទៅសួរនាំនិងបញ្ជូនពួកគាត់ឲ្យទៅរៀនខាងវិស័យព័ត៌មានទើបជាការប្រសើរ៕

photo_2016-08-21_15-12-07

photo_2016-08-21_15-12-11

photo_2016-08-21_15-12-17

photo_2016-08-21_15-12-22

photo_2016-08-21_15-12-27

photo_2016-08-21_15-12-32

មតិយោបល់