អាមេរិកៈ នៅថ្ងៃនេះ បណ្ដាញទំនាក់ទំនងសង្គម Facebook បានប្រកាសឲ្យដឹងពីមុខងារថ្មីមួយទៀត ដែលអស្ចារ្យ និងកាន់តែធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួល ប៉ុន្តែក៏បានសម្លាប់ក្រុមហ៊ុនមួយចំនួនផ្សេងទៀតដែរ។
មុខងារថ្មីនោះគឺ «Marketplace» ដោយលក្ខណៈពិសេសថ្មីនេះ នឹងត្រូវដាក់ឲ្យប្រើទាំងនៅលើ iOS និង Android ដោយក្នុងនោះអ្នកប្រើប្រាស់អាចធ្វើការទិញ និងលក់នូវផលិតផលអ្វីក៏បាន ជាពិសេសគឺងាយស្រួលបំផុត គ្រាន់តែស្វែងរកនូវអ្វីដែលចង់ទិញ និងថតបង្ហោះនូវអ្វីដែលចង់លក់គឺជាការស្រេច។
តាមការបញ្ជាក់ពី Facebook ផ្ទាល់បានឲ្យដឹងថា មុខងារ «Marketplace» នឹងត្រូវបន្ថែមចូលទៅកាន់កម្មវិធី Facebook app នាពេលឆាប់ខាងមុខនេះ ហើយលក្ខណៈពិសេសមួយទៀតរបស់វា គឺនៅរាល់ពេលចូលទៅកាន់ «Marketplace» នោះអ្នកប្រើប្រាស់នឹងបានឃើញនូវផលិតផលដែលគេដាក់លក់ ដែលមានទីតាំងនៅជិតអ្នកបំផុត។
«Marketplace» ត្រូវបាន Facebook អះអាងថា នឹងត្រូវដាក់ឲ្យប្រើនៅប្រទេសចំនួន ៤ ដើម្បីជាការសាកល្បង ក្នុងនោះមាន អូស្ត្រាលី នូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា បើសិនជា Facebook ដាក់ឲ្យប្រើប្រាស់មុខងារ «Marketplace» នៅជុំវិញពិភពលោកមែននោះ មានន័យថា Facebook ចាប់ផ្ដើមសម្លាប់ក្រុមហ៊ុនលក់ទំនិញអនឡាញជាបណ្ដើរៗ ព្រោះថាបច្ចុប្បន្ន Facebook មានអ្នកប្រើប្រាស់រហូតដល់ជាង ១.៦ពាន់លាននាក់ ហើយបើតាមការស្រាវជ្រាវបានបង្ហាញថា មនុស្សម្នាក់បានចំណាយពេល ២ ទៅ៣ម៉ោងក្នុងមួយថ្ងៃ ដើម្បីលេង Facebook៕

ទស្សនាវីដេអូ៖
មតិយោបល់