សៀមរាបៈ ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ពន្ធ័នឹងករណី ទទួលផលចោរកម្ម ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាម រួមនិងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ។
គួររំលឹកផងដែរថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ កាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ កម្លាំងអាវុធហត្ថខេត្តសៀមរាមបាន ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច ស្ថិតនៅចំណុច ផ្ទះសំណាក់ អ៊ឹង ឡុង ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់មកជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនរូបគេតែងតែធ្វើសកម្មភាពលួចជាច្រើនលើកមកហើយ ពេលលួចបានម្តងៗ ជនសង្ស័យរូបនេះតែយកទៅលក់បន្តឲ្យបក្ខពួកចំនួន០២នាក់ទៀត នៅទីក្រុងភ្នំពេញ។ ចំណែកជនសង្ស័យដែលចាប់ខ្លួនបាន ត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានចម្លើយសារភាពពីជនសង្ស័យខាងលើរួចហើយនោះ ក៏បន្តកំណត់មុខសញ្ញាជនសង្ស័យបាន និងផ្តល់ដំណឹងទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសុំការសហការបន្ត តាមចាប់ខ្លួនជនសង្ស័យដែលជាបក្ខពួករូបនោះ ។ លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ដែលជាបក្ខពួកនោះបាន ស្ថិតនៅចំណុចមុខវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ដែលចាប់ខ្លួនបាននេះមានឈ្មោះ ទី១ឈ្មោះ ជា ចំណាប់ ភេទប្រុស អាយុ៤៨ មុខរបរទទួលបញ្ចាំ (នៅក្នុងណាហ្គាវើល) ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ និងជនសង្ស័យទី២ឈ្មោះ យឺន យឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតូនីសប ទីលំនៅបច្ចុប្បន្ន ម្ដុំបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ធ្វើការដកហូតបានម៉ូតូចំនួន០២គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានី បានបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម។ នៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យរូបនេះ បានសារភាពថា រូបគេតែងតែទទួល ទិញរបស់របរ បន្តពីជនសង្ស័យដែលចាប់ខ្លួនបានកាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៦ ខណៈដែលជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួចបានម្តងៗ ពីកន្លែងផ្សេងៗគ្នា បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿង ខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់