បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែងក្នុងទឹកអូរ ដោយមានសភាពហើមស្អុយ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ហឹម ឈឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សស្រវឹងស្រាទាំងយប់ទាំងថ្ងៃ ដើរពេញភូមិ អាចនិយាយបានថាជាមនុស្សវិកលចរិតព្រោះផឹកច្រើនពេក។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះឈ្មោះ ផុន ណាវី បានឲ្យដឹងថា គាត់បានដើរតាមរកប្តីក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែរកមិនឃើញដោយមិនដឹងបាត់ទៅណានោះទេ។លុះមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសពប្តីរបស់ខ្លួនលង់ទឹកស្លាប់ ក្នុងស្ថានភាពហើមស្អុយមើលស្ទើរលែងស្គាល់ទៅហើយ ។
បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យទៅសាកសពជនរងគ្រោះបានអះអាងថា ជនរងគ្រោះស្លាប់ដោយសារដើររអិលធ្លាក់ចូលក្នុងអូរបណ្តាលឲ្យលង់ស្លាប់ពិតប្រាកដមែន ។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់