សៀមរាបៈ ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺប្រចាំកាយ (ស្កន់ជាន់) ត្រូវបានប្តីប្រទះឃើញស្លាប់ អណ្តែតទឹកស្រះ ខាងក្រោយ ផ្ទះរបស់ខ្លួន យ៉ាងអាណោចអធ័ម ខណៈប្ដីមកពីធ្វើការវិញ ។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា នៅវេលាម៉ោង៨ និង១៨នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ថា មានករណីលង់ទឹកស្រះ ក្រោយផ្ទះរបស់ខ្លួន បណ្ដាលឲ្យស្រី្តម្នាក់ បានស្លាប់ករណីនេះ កើតឡើងនៅក្នុងភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។ លោកអធិការនគរបាលស្រុក បានបន្តថា ជនរងគ្រោះមានឈ្មោះព្រំ ឡែម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិកើត ហេតុខាងលើ។ បើតាមការរៀបរាប់ របស់ប្តីជនរងគ្រោះឈ្មោះ ហេង ឆៃ ប្រាប់សមត្ថកិច្ច នគរបាលថា រូបគាត់បានចេញទៅប្រកបមុខរបរ នៅឯក្រៅ ដូចសព្វមួយដង ពេលត្រឡប់មកផ្ទះវិញ បាត់ប្រពន្ធហើយ បានដើររកក៏ប្រទះឃើញស្លាប់ នៅក្នុងទឹកស្រះក្រោយផ្ទះ បន្ទាប់មក គាត់បាន ហៅអ្នកជិតខាង ឲ្យមកជួយស្រង់ យកមកដាក់លើគោក។
លោកបន្តថា ករណីនេះ ប្តីជនរងគ្រោះបានសន្និដ្ឋានថា ប្រហែលជាប្រពន្ធគាត់ចុះទៅដងទឹកស្រះ ហើយ រអិលជើងធ្លាប់ក្នុងទឹកស្រះ បណ្ដាលឲ្យ ស្លាប់ ដោយសារគាត់មិនចេះហែលទឹកផង។ ម៉្យាងវិញទៀត គាត់មានជំងឺប្រចាំកាយ(ស្កន់ជាន់)។ ក្រោយពីកម្លាំង សមត្ថកិច្ច នគរបាល មូលដ្ឋាន បានចុះទៅពិនិត្យសាកសព ហើយបានសន្និដ្ឋានថា ស្រ្តីរងគ្រោះពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន។ បច្ចុប្បន្ន សព ជនរងគ្រោះត្រូវ បានប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់