ព័ត៌មានជាតិ

Update ៖ សមត្ថកិច្ចចាប់ខ្លួនឃាតកដែលសម្លាប់ស្ត្រីម្នាក់នៅស្រុកកែវសីមាបានហើយ!

មណ្ឌលគិរីៈ ក្រោយពីមានករណីឃាតកម្មសម្លាប់ម្នាក់នៅក្នុងស្រុកកែវសីម៉ា រួចមក កម្លាំងនគរបាលជំនាញខេត្តមណ្ឌលគិរី បានបើកការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ឈានទៅដល់ការខ្លួនជនសង្ស័យម្នាក់ដែលជាប្អូនថ្លៃនិងជាឃាតក យកមកធ្វើការសាកសួរ កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ។

សមត្ថកិច្ចព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យជាឃាតកដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ទី តី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីមានការភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ ប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់នៅកណ្តាលព្រៃ ក្នុងស្រុកកែវសីមា រួចមក អស់រយៈពេល២៤ម៉ោងប៉ុណ្ណោះ សមត្ថកិច្ចបានស្រាវជ្រាវនៅទីតាំងកើតហេតុឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ជាឃាតក​បានម្នាក់ គឺត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះ(សព)នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នៅចំណុចអូរជុំ ភូមិអូរអាម ឃុំស្រែខ្ទុម ។

សមត្ថកិច្ចបានបន្តថា នៅចំពោះមុខសមត្ថកិច្ចឃាតកររូបនេះបានសារភាពថា ខ្លួនគេមិនបានរំលោភសម្លាប់ស្ត្រីរងគ្រោះឈ្មោះ ក្រែត ស្រីម៉ុ អាយុ​៣០ឆ្នាំ នោះទេ គឺរូបគេ(ដែលជាឃាតក)ខឹងបងថ្លៃស្រវឹងស្រា និងជេរម្រ៉ាយខ្លួន ទើបវាយនឹងដៃចំគល់ក ចំនួន៣ដៃសន្លប់​និងវាយនឹងឈើ​ជ្រុងចំនួន​៣ឈើជ្រុងទៀត បណ្ដាលឲ្យបាក់កស្លាប់ រួចខ្លួនបានអូសសាកសពជនរងគ្រោះយកទៅចោលកណ្ដាលព្រៃតែម្តង។ ក្រោយមក រូបគេជាឃាតក បានជិះ​ម៉ូតូ​មកផ្ទះជាធម្ម ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។ បន្ទាប់មកមានអ្នកស្រុកបានឃើញសព ហើយរាយការណ៍ឲ្យ​សមត្ថកិច្ច​នៅថ្ងៃទី២ខែតុលា ឆ្នាំ២០១៦ កន្លងមកនេះ ។

បច្ចុប្បន្ន ជនសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចនគរបាលនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូន​ខ្លួនជនសង្ស័យខាងលើទៅកាន់ តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ឃាតកម្ម ឃាតកម្ម ឃាតកម្ម ឃាតកម្ម

មតិយោបល់