ព័ត៌មានជាតិ

សាលាក្រុងត្រៀមទូក(ង) ៥គ្រឿងប្រកួតសាកល្បងនៅក្រុងតាខ្មៅនាថ្ងៃទី១៦តុលា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានជ្រើសរើសទូក(ង)លំដាប់ល្បឿនលឿនចំនួន៥គ្រឿង ដើម្បីចូលរួមប្រណាំងសាក​ល្បងនៅ​ទីក្រុងតាខ្មៅថ្ងៃទី១៦តុលា ឆ្នាំ២០១៦ខាងមុខនេះ។

សកម្មភាពខាងលើនេះក៏ជាការសាកល្បងកម្លាំងមុននឹងឈានទៅដល់ការប្រណាំងថ្នាក់ជាតិនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូកនាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ខាងមុខដែលគិតពីពេលនេះទៅ នៅសល់តែជាង៤០ថ្ងៃតែប៉ុណ្ណោះ ក្រោយពីផ្អាកការប្រារព្វព្រះរាជពិធីបុណ្យអុំទូកជា​ច្រើនឆ្នាំដោយ​សារ​កត្តា​កម្ពស់ទឹក ទន្លេមិនអំណោយផល។

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះនឹងត្រូវប្រារព្វធ្វើឡើងវិញតាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ដែលសម្តេចបានថ្លែងថា ឆ្នាំនេះទោះបីទឹកតូចក៏យើងត្រូវប្រារព្វពិធីបុណ្យអុំ ទូកដែរ បើអុំទូកវែងមិនបានក៏អុំទូកខ្លីដែរ។

ពាក់ពន្ធ័នឹងការត្រៀមរៀបចំពិធីបុណ្យអុំទូកនេះដែរ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស បានបើកកិច្ចប្រជុំនា​ព្រឹក​ថ្ងៃទី៤តុលា ដើម្បីបែងចែកភារកិច្ចទទួលខុសត្រូវតាមរយៈការបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកការងារពាក់ពន្ធ័​ពិធីបុណ្យ​ចំនួន៥​ក្នុងនាមជាម្ចាស់ផ្ទះ។

ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកឡើងថា បុណ្យភ្ជុំបិណ្ឌកន្លង​មកនេះ​គឺជាបទពិសោធន៍មួយទៀតសម្រាប់យើងគិតគូរដោះស្រាយពីបញ្ហាកកស្ទះចរាចរនៅពេលដែលមានប្រជាពលរដ្ឋ យ៉ាងច្រើននឹងធ្វើដំណើរមក​លេងនៅ​រាជធានីភ្នំពេញក្នុងពិធីបុណ្យ ជាពិសេសតាមច្រកចេញចូលរាជធានីភ្នំពេញទាំង៧។

លោកបានលើកឡើងទៀតថា ជាមួយគ្នានេះក៏ត្រូវគិតគូរកែលម្អ ឬសម្រួលប្រព័ន្ធចរាចរតាមចំណុចរង្វង់មូលក្នុងរាជធានីភ្នំពេញ។ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយទាំងទីតាំងប្រារព្វពិធីនិងក្រៅរង្វង់ប្រារព្វពិធី រួមទាំងការតុបតែងលម្អភ្លើង តាមដងផ្លូវ រៀបចំទីតាំងចំណតទូក និងចំណុះ​ទូក ការដាក់បង្គន់អនាម័យ និងភ្នាក់ងារសុខាភិបាល ការរៀបចំកន្លែងសប្បាយភាព ការរៀបចំអ្នកលក់ដូរឲ្យមានសណ្តាប់ធ្នាប់ជាដើម។

ពាក់ពន្ធ័នឹងការប្រមូលសំរាម លោកអភិបាលក៏បានណែនាំឲ្យក្រុមហ៊ុន ស៊ិនទ្រីទទួលខុសត្រូវមិនថាការប្រើប្រាស់កម្មករ ឬរថយន្តដឹកសំរាម​ប៉ុន្មាន​នោះ​ទេ សំខាន់ត្រូវតែស្អាតគ្មានសំរាមក្នុងឱកាសបុណ្យ ហើយស៊ិនទ្រីក៏មិនត្រូវនិយាយថា កម្មករ ឈប់សំរាក និងសុំឲ្យប្រជាពល​រដ្ឋកុំយកសំរាម​ចេញ​មក​ក្រៅផ្ទះជាដើម ព្រោះវាជារឿងចាស់គំរឹលដែលបង្ហាញពីការមិនទទួលខុសត្រូវដែលស៊ិនទ្រី មិនហ៊ានចំណាយបន្ថែមសម្រាប់កម្មករ ធ្វើការថ្ងៃ​ឈប់​សម្រាក៕

សាលាក្រុងសាលាក្រុងសាលាក្រុងសាលាក្រុងសាលាក្រុង

មតិយោបល់