ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានតាមបណ្តាខណ្ឌនានា គេសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះបានចុះរៀបចំសណ្ដាប់ធ្នាប់ក៏ដូចជារំដោះចិញ្ចើមផ្លូវ ទ្រូងផ្លូវ ពីការរំលោភយកធ្វើអាជីវកម្មតាំងលក់ដូរអនាធិបតេយ្យនោះ ឃើញបានល្អប្រសើរច្រើន។ ប៉ុន្តែក៏នៅមានតំបន់ខ្លះប្រជាពលរដ្ឋនៅតែដាក់លក់ទំនិញផ្សេងៗមកលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវដដែលបង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ៗថ្ងៃតែម្តង ដោយបងប្អូនមិនអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរនោះឡើយ។
តួយ៉ាងដូចជានៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចគល់ស្ពាន(អតីតស្ពានដែក)ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើននាំគ្នាដាក់តាំងលក់ទំនិញផ្សេងៗពិសេសលក់ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រប់មុខ ដោយដាក់លក់នៅលើទ្រូវផ្លូវតែម្តង ធ្វើឲ្យមានភាពរញ៉េរញ៉ៃ អនាធិបតេយ្យពេញទ្រូងផ្លូវនឹងបង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ៗថ្ងៃតែម្តង ធ្វើឲ្យអ្នកដំណើរឆ្លងកាត់ទីនោះ មានការធុញទ្រាន់ និងរអ៊ូរទាំយ៉ាងខ្លាំង។
ប្រជាពលរដ្ឋជាច្រើនបាននិយាយថា ផ្លូវលេខ២១៧នេះ ស្ថាបនាបានល្អហើយ និងធ្វើដំណើរបានស្រួល ប៉ុន្តែពេលធ្វើដំណើរដល់គល់ស្ពានដែកនោះវាតែងតែស្ទះរាល់ៗលើកតែម្តង ដោយទី១ការលក់ដូរនៅលើទ្រូងផ្លូវ និងទី២ ស្ទះនៅត្រង់ផ្លូវកែងភ្លើងស្តុប គល់ស្ពានតែម្តង។
បងប្អូនអ្នកលក់បន្លែបង្ការនៅលើទ្រូងផ្លូវនោះនិយាយប្រាប់ថា ពួកគាត់គ្មានកន្លែង គ្មានតូបលក់ដូរនិងគេទេ មានតែដាក់លក់មួយកញ្ច្រែងៗ នៅលើទ្រូងផ្លូវនេះ ដោយចេះតែដាក់លក់តៗគ្នារហូតមក។ បងប្អូនទាំងនោះបានប្រាប់ទៀតថា ការដាក់កញ្ច្រែងបន្លែបង្ការលក់ដូរនៅទីនេះបានរាល់ៗថ្ងៃនេះ គឺពួកគាត់បានបង់លុយឲ្យអាជ្ញាធរមូលដ្ឋានរាល់ថ្ងៃពេលដែលគេចុះមកប្រមូលលុយទាំងព្រឹក ទាំងល្ងាច។ បងប្អូនអ្នកលក់ដូរបានប្រាប់ថា អ្នកមកប្រមូលលុយនោះ គេថា ជាសណ្ដាប់ធ្នាប់សង្កាត់ស្ទឹងមានជ័យ និងសណ្តាប់ធ្នាប់របស់សាលាខណ្ឌមានជ័យផងដែរ។
ពាក់ព័ន្ធនិងបញ្ហានេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២១៧នេះ បានសំណូមពរទៅដល់អាជ្ញាធរសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌស្ទឹងមានជ័យ និងសាលាសង្កាត់ស្ទឹងមានជ័យ មេត្ដាជួយសម្រួលបញ្ហាការលក់ដូរអនាធិបតេយ្យនៅលើទ្រូងផ្លូវខាងលើនេះផង ព្រោះស្ទះចរាចរណ៍រាល់ៗថ្ងៃធ្វើឲ្យខកខានពេលវេលាទៅសាលារៀន និងទៅធ្វើការ៕
មតិយោបល់