ព័ត៌មានជាតិ

មន្រ្តី IDE នឹងជួបមន្រ្តីកសិកម្ម ដើម្បីចែករំលែកបទពិសោធន៍ពីការប្រើប្រាស់ជីវសាស្រ្តក្នុងវិស័យកសិកម្ម

ភ្នំពេញៈ ក្រុមមន្រ្តីភ្នាក់ងារជីវសាស្រ្ត បានស្នើសុំការអនុញ្ញាតិពីរដ្ឋមន្រ្តីក្រសួងកសិកម្មចូលជួប ដើម្បីចែករំលែកបទពិសោធន៍ការងារ និងទទួលយកអនុសាសន៍ការអនុវត្តការប្រើប្រាស់ និងធ្វើពាណិជ្ជកម្មភ្នាក់ងារជីវសាស្រ្តក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោក ម៉ៃខែល រូបឺត្ស នាយកប្រចាំប្រទេស នៃភ្នាក់ងារជីវសាស្រ្ត IDE បានលើកឡើងនៅក្នុងលិខិតសុំជួបលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលមន្រ្តីផ្នែកព័ត៌មានក្រសួងកសិកម្មផ្តល់ឱ្យនៅថ្ងៃនេះថា ក្រុម IDE បានស្នើសុំជួបរដ្ឋមន្រ្តីក្រសួងកសិកម្ម ដើម្បីពិភាក្សា និងផ្តល់បទពិសោធន៍លើការងារជីវសាស្រ្តប្រើប្រាស់ក្នុងវិស័យកសិកម្ម ជាការចូលរួមលើកកម្ពស់ និងរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។

ក្នុងលិខិតដដែលនេះបានសរសេរទៀតថា ផលិតភាពកសិកម្មមានការថយចុះដោយសារ តែការប្រើប្រាស់ថ្នាំ និងគីមីពុំបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស បណ្តាលឱ្យខូចគុណភាពដី និងការវិវឌ្ឍន៍ភាពស៊ាំរបស់សត្វល្អិត និងជំងឺ។ បច្ចុប្បន្នផលិផលកសិកម្មរបស់កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានកាកសំណលគីមីទាប ដែលមានលទ្ធភាពកាន់តែល្អក្នុងការប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។

ដូច្នេះដើម្បីរក្សាកេរ្តិ៍ឈ្មោះនិងមានឱកាសប្រកួតប្រជេងកាន់តែខ្លាំងភ្នាក់ងារជីវសាស្រ្តគួរតែត្រូវបានលើកកម្ពស់ និងជម្រុញឱ្យមានការប្រើប្រាស់ ដូចប្រទេសជិតខាងដែលការពិសោធន៍យ៉ាងច្រើន និងទទួលលទ្ធផលល្អសម្រាប់ការការពារដំណាំ មិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស។ កសិករកម្ពុជាកំពុងតែមានការចាប់អារម្មណ៍ខ្លាំងលើវិធានការជីវសាស្រ្តសម្រាប់ការការពារដំណាំ ខណៈក្រុមហ៊ុនមួយចំនួនបានណែនាំអំពីការប្រើប្រាស់និងប្រសិទ្ធភាពរបស់ភ្នាក់ងារជីវសាស្រ្ត ប៉ុន្តែក្រុមហ៊ុនទាំងនោះមានការពិបាកក្នុងការចុះបញ្ជីការនាំចូល និងការធ្វើពាណិជ្ជកម្មភ្នាក់ងារមួយនេះ។

មន្រ្តីរូបនេះសរសេរបញ្ជាក់ថា “គោលការណ៍ណែនាំស្តីពីបទដ្ឋានគតិយុត្ត ការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មភ្នាក់ងារជីវសាស្រ្ត ជាឯកសាសរគោលសម្រាប់ត្រួតពិនិត្យជីវសាស្រ្ត និងសំណុំបែបបទចុះបញ្ជីមួយ ដែលត្រូវបានអនុម័តដោយរដ្ឋលេខាធិការអាស៊ាន ហើយត្រូវបានពង្រាងសម្រាប់ជាបទដ្ឋានគតិយុត្តកម្ពុជា និងកំពុងរង់ចាំអនុម័តពីក្រសួង ខណៈដែលក្រុមហ៊ុន និងកសិករសុំឲ្យមានដំណោះស្រាយឱ្យបានឆាប់សម្រាប់គ្រប់គ្រងសត្វល្អិតថ្មីនៅប្រទេសកម្ពុជា”។

ទាក់ទិនបញ្ហានេះ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មនឹងជួបពិភាក្សា ជាមួយមន្រ្តី IDE នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០១៦នេះ៕

photo_2016-10-04_16-43-49

មតិយោបល់