កំពង់ឆ្នាំងៈ ក្មេងទំនើង៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីពួកគេធ្វើសកម្មភាពវាយទៅក្រុមជនរងគ្រោះមួយក្រុមទៀតមានគ្នា៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និង ម្នាក់ទៀតបានរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលត្រូវបានគេវាយបណ្តាលឲ្យរងរបួសធ្ងន់រហូតសន្លប់នោះ ឈ្មោះ សួន ម៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀតដែលរងរបួសស្រាលឈ្មោះម៉ា គង់សំអឿន ភេទប្រុស អាយុយ៣៥ឆ្នាំ រស់ភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេជាអ្នកចំងាយ បាននាំក្រុមគ្រួសារទៅធ្វើបុណ្យ និង ទៅលេងនៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ដែលនៅទីនោះ មានដាក់ធុងបាស់រាំលេងកំសាន្តផងដែរ ។
ជនរងគ្រោះបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុពួកគេបានចូលទៅរាំបទរាំវង់បានមួយបទ បន្ទាប់មកទៀតគេចាប់ផ្តើមចាក់បទញាក់ហើយពួកគេក៏បាននាំគ្នារាំបន្ត។ ក្នុងពេលនោះស្រាប់តែក្រុមក្មេងទំនើងមួយក្រុម ដែលគេស្គាល់ថាជាជើងខ្លាំងនៅក្នុងភូមិស្រុកនេះ បានព្រួតគ្នាទៅចាប់ជនរងគ្រោះម្នាក់ឈ្មោះសួន ម៉ា វាយកណ្តាលវង់តែម្តង រួចចាប់អូសមកវាយនៅក្រៅវង់រហូតដល់សន្លប់បាត់ស្មារតី។ ឃើញដូចនេះឈ្មោះម៉ា គង់សំអឿន បានស្ទុះចូលទៅជួយ ក៏ត្រូវបក្ខពួកក្រុមបង្កគប់ត្រូវពីរដំថ្មរងរបួសស្រាល។
ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុក្រុមជនបង្ករក៏នាំគ្នារត់ឡើងទៅកុដិលោកដែលស្ថិតនៅក្បែរនោះ ហើយក្រុមប្រជាការពារភូមិ និងក្រុមគ្រួសារជនរងគ្រោះបានព័ទ្ធកុដិនោះមិនឲ្យក្រុមជនបង្ករត់រួចឡើយ រួចទូរស័ព្ទប្តឹងទៅសមត្ថកិច្ចឲ្យជួយន្តរាគមន៍។ ពេលសមត្ថកិច្ចទៅដល់ ក៏មិនហានចូលទៅឃាត់ជនបង្កទេ ព្រោះដឹងថាក្រុមក្មេងទំនើងទាំងនេះសាហាវខ្លាំងណាស់ ប៉ុន្តែដោយសារក្រុមគ្រួសារជនរងគ្រោះនៅទីនោះដែរបានចូលទៅចាប់បានជនបង្កបានចំនួន៨នាក់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ប្រភពបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៨នាក់នេះ មាន៥នាក់មានគេកំពុងរត់ការដើម្បីធ្វើការដោះលែងឲ្យរួចផុតពីសំណាញ់ច្បាប់ ដោយរៀបចំឯកសារថាមិនមែនជាជនដៃដល់ទៅវិញ៕
មតិយោបល់