សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា នៅវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើការត្រួតពនិត្យទីតាំងបើកលក់ឱសថ និងអាហាបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានទីតាំងនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ទីតាំងនេះ បន្ទាប់ពីធ្វើការត្រួតពិនិត្យ ត្រូវបានសមត្ថកិច្ចចម្រុះ ធ្វើការដកហូតយកវត្ថុតាងរួមមាន៖
ឱសថបំប៉នសុខភាព៣មុខ មានចំនួន ៩៨កំប៉ុង ស្មើនិង ២ ៩៤០គ្រាប់,គ្រឿងសម្អាង ចំនួន៧មុខមានចំនួន៧៦ប្រអប់។
ក្នុងកិច្ចប្រតិបត្តការនេះដែល សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុបិទទីតាំងជាបណ្ដោះអាសន្ន និងបាននាំខ្លួនអ្នកមើលការខុសត្រូវក្នុងក្រុមហ៊ុន ចំនួន២នាក់មកធ្វើការសាកសួរ ទី១ឈ្មោះ បឿន វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងក្រុមហ៊ុន និងទី២ឈ្មោះ អោន រៀម ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកពន្យល់ណែនាំអំពីផលិតផលរបស់ក្រុមហ៊ុន មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំពោះវត្ថុតាងត្រូវបានប្រគល់ទៅឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តដើម្បីធ្វើការដុតកម្ទេចចោល៕
មតិយោបល់