តាកែវៈ បន្ទាប់ពីបុគ្គលិកធនាគារភូមិដែលគេបានប្តូរឈ្មោះមកជា អិលអូអិលស៉ី (LOLC) បានធ្វើការគាស់ផ្ទះរបស់កូនបំណុលឈ្មោះ ស៊ីង សៀង យកទ្រព្យសម្បត្តិទៅលក់ឡៃឡុងសម្រាប់បង់ចុងការប្រាក់ដែលកូនបំណុលបាន ខ្ចីពីធនាគារភូមិ ហើយយឺតពេលសង២០ថ្ងៃនោះ នៅរសៀលថ្ងៃទី ០៤ តុលា ២០១៦ លោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោកស្រី និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ រួមជាមួយនឹង ប្រធានធនាគារភូមិស្នាក់ការកណ្តាល បានអញ្ជើញចុះ សម្របសម្រួលដោះស្រាយ និងបញ្ចប់ករណីបុគ្គលិកធនាគារភូមិបានគាត់ផ្ទះ រឹបអូសទ្រព្យសម្បិត្តដោយគ្មានដីកាពីតុលាការជាមួយកូនបំណុល នៅឯផ្ទះកូនបំណុលស្ថិតនៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ព្រមជាមួយគ្នានេះដែរ ខាងធនាគារភូមិ (LOLC) បានធ្វើការសុំទោសជាសាធារណៈចំពោះទង្វើ និងកំហុសឆ្គងរបស់បុគ្គលិកខ្លួន ដែលបានប្រព្រឹត្តមកលើកូនបំណុល និងធានមិន ឲ្យមានអំពើបែបនេះកើតឡើងជាលើកទីពីរដាច់ខាត ហើយខាងធនាគារនឹងសងថ្លៃខូច ខាតនូវអ្វីដែលកើតមានឡើងចំពោះអ៊ុទាំងពីរជាកូនបំណុល ទាំងទំហំផ្លូវចិត្ត និងទំហំ ទ្រព្យសម្បត្តិ ។
នៅក្នុងឱកាសចុះដោះស្រាយបញ្ចប់បញ្ហាខាងលើលោក ឡាយ វណ្ណៈ និង លោកស្រី និន សាផុន បានថ្លែងឲ្យដឹងថា ចំពោះលទ្ធផលនៃការដោះស្រាយបញ្ហានេះ គឺខាងធនាគារនឹងធ្វើការជួសជុល និងសងថ្លៃខូចខាតទ្រព្យសម្បត្តិ ក្នុងនោះរបស់របរ ដែលបុគ្គលិកខ្លួនប្រមូលយកទៅលក់ឡៃឡុង ត្រូវបានប្រមូលមកទុកដាក់នៅកន្លែងដើម វិញអស់ហើយដែរ ពិសេសខាងធនាគារនឹងធ្វើការប៉ះពៅផ្លូវចិត្តដល់កូនបំណុល ។
ក្រៅពីបញ្ចប់ជាស្ថាពរដោយ ភាគីទាំងសងខាងព្រមយោគយល់គ្នាហើយនោះលោក ឡាយ វណ្ណៈ និង លោកស្រី និន សាផុន ក៍បានធ្វើការពន្យល់ណែនាំដល់ បុគ្គលិកធនាគាភូមិ មិនត្រូវធ្វើអ្វីមួយដែលខុសពីនីតិវិធីច្បាប់ ដោយធ្វើរំលងអំណាចតុលាការ ហើយករណីនេះ សង្ឃឹមថានឹងមិនកើតមានឡើងជាលើកទីពីរនៅក្នុងខេត្តតាកែវ ដោយបុគ្គលិកធនាគារភូមិទៀតឡើយ ។
ស្ថិតនៅក្រោមការសម្របសម្រួល នឹងអន្តរាគមន៏ពីសំណាក់លោក ឡាយ វណ្ណៈ និងលោកស្រីអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និង ក្រុមគ្រួសារជនរងគ្រោះ បានសម្តែងនូវភាពសប្បាយរីករាយឥតឧប្បមារ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំខេត្តតាកែវ ដែលបានគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋក្រីក្រ៕
មតិយោបល់