ព័ត៌មានជាតិ

ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការ

ភ្នំពេញ: នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំដែងការគួរសមពីគណ:ប្រតិភូធនាគារអភិឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោកស្រី Noriko Ogawa អគ្គនាយករងនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី។

បើតាមផេកហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃទី០៤ ខែតុលានេះថា លោកស្រី Ogawa បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះកិច្ចសហការក្នុងភាពជាដៃគូរឹងមាំរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ លោកស្រីបានជម្រាបជូន លោកទេសរដ្ឋមន្រ្តី អំពី ក្រុមពិគ្រោះយោបល់ជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពី ការប្រារព្ធពិធីខួបលើកទី៥០ (ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦) និងការចូលរួមរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក្នុងក្រុមពិគ្រោះយោបល់នោះ ដែលផ្តោតជាសំខាន់លើការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា បញ្ហាប្រឈមនៃការអភិវឌ្ឍកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ីនាពេលអនាគត ។
លោក ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រកន្លងមកនិងកំពុងបន្តដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានជម្រាបជូន គណ:ប្រតិភូ អំពី គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងបានកត់សម្គាល់អំពីបញ្ហាប្រឈមសំខាន់ៗ និងមេរៀនដែលបានសិក្សាពីការអនុវត្ត ក៏ដូចជាស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍកម្ពុជាសព្វថ្ងៃ៕

14469545_583333298517681_3025489736953632311_n

14494894_583333011851043_8709182525632330484_n

14495281_583333445184333_5036634067866161374_n

14495447_583333148517696_8733192012310499266_n

14600944_583333271851017_800954474837257494_n

14606402_583333141851030_5003305867116660706_n

មតិយោបល់