ព័ត៌មានជាតិ

ឃាត់ខ្លួនទមិឡ៤នាក់ ដែលព្រួតវាយប្លន់យកព្រះសំរិទ្ធិ៣អង្គ កាលពីជាងកន្លះខែមុនបានហើយ!

កំពង់ស្ពឺ: លោកប្រធានការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់Post Newsថា​ ជនសង្ស័យចំនួន៤នាក់ ដែលបានធ្វើសកម្មភាពចាប់ចងនិងព្រួតវាយបុរសម្នាក់ ប្លន់យកព្រះសំរិទ្ធិដែលមានជំនឿថាជាវត្ថុស័ក្តសិទ្ធបានសម្រេចរួចរត់គេចខ្លួនបាត់ជាងកន្លះខែមុន ពេលនេះត្រូវបានសមត្ថកិច្ចក្តោបបានមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនបានហើយកាលពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០១៧ និងបញ្ជូនឡើងទៅតុលាការ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ហេង សុខ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដកហូតបាន លោហ:ធាតុចំនួន២ដុំ រាងដូចក្បាលគ្រាប់M79 និងទូរសព្ទដៃ១គ្រឿង, ទី២ឈ្មោះ សេក រិទ្ធី ហៅរុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលម្តុំផ្សារអូរឬស្សី,ទី៣ឈ្មោះ ធែល សេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មី ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតបានទូរសព្ទចិន១គ្រឿង និងជនសង្ស័យទី៤ឈ្មោះ មោក ម៉ុល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិវាលស្នាយ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

គួររំលឹកផងដែរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ មានករណីវាយប្លន់ព្រះសំរិទ្ធិចំនួន៣អង្គនិងបំពង់ឬស្សីមួយ ដោយបង្កឡើងដោយក្រុមជនសង្ស័យចំនួន៤នាក់ បានធ្វើសកម្មភាពក្នុងរូបភាពធ្វើជាមកឲ្យជនរងគ្រោះយកព្រះសំរិទ្ធិមកដាក់ត្រាំទឹកឲ្យផឹក រួចក៏ឈ្លៀកឱកាសធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ និងចាប់ចងរួចវាយប្លន់យកព្រះសំរិទ្ធិ៣អង្គ និងបំពង់ឬស្សីមួយដែលដាក់ព្រះសំរិទ្ធិខាងលើ យកទៅបាត់តែម្តង៕

មតិយោបល់