កណ្តាលៈ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាល បានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ លោកបានដាក់ពាក្យបណ្តឹង ប្តឹងឧទ្ធរណ៍ប្រឆាំងដីការបស់កញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ដែលបានសម្រេចដោះលែងជនត្រូវចោទជាជនជាតិវៀតណាមចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់នៅស្រុកកោះធំ។
ព្រះរាជអាជ្ញាខេត្តកណ្តាលរូបនេះបានបញ្ជាក់ពីមូលហេតុនៃការប្តឹងនោះថា គឺដើម្បីប្រយោជន៍សង្គម និងប្រយោជន៍សាធារណៈ។
ជនត្រូវចោទជាជនជាតិវៀតណាមទាំង៤នេះរួមមានទី១-ឈ្មោះ ង្វៀង យ៉ាំងត អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី២-ឈ្មោះ យ៉ យ៉ាំងសាង អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី៣-ឈ្មោះ ប៊ូយ ធីហាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និងទី៤-ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ដែលអ្នកទាំង៤នាក់ រស់នៅភូមិអាបហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ កញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែងជនត្រូវចោទជាជនជាតិវៀតណាមប្រុសស្រីចំនួន ៤នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់នៅស្រុកកោះធំ ក្រោមហេតុផលថា ជាបទល្មើសមជ្ឈិម ជនត្រូវចោទមានទីលំនៅ និងមុខរបរពិតប្រាកដ ហើយការសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ននេះគឺនឹងមិនមានផលប៉ះពាល់ដល់នីតិវិធីនៃការស៊ើបសួរឡើយ។
សូមបញ្ជាក់ថា ជនជាតិវៀតណាមទាំង៤នាក់ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត តាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ និងបទ ប្រើឧបករណ៍នេសាទស្បៃមុងគ្រប់ប្រភេទ សម្រាប់នេសាទជាលក្ខណៈសិប្បកម្ម ឬ ឧស្សាហកម្ម តាមមាត្រា៩៩ និង ចំណុច៧ ច្បាប់ស្តីពីជលផល ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិខ្លាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
គួររំលឹកថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ នគរបាលស្រុកកោះធំ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនៅចំណុចចុងព្រែកឡស្រា ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ ដោយសមត្ថកិច្ចបានដកហូតឧបរកណ៍នេសាទខុសច្បាប់មួយចំនួនផងដែររួមមាន ស្បៃមុងក្រឡាញឹក (សៃយ៉ឺន) ព្រួល និងឡុក លប ១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ កូនត្រីប្រមាណជាង១តោន និងទូកមានម៉ាស៊ីននេសាទចំនួន២គ្រឿង៕
មតិយោបល់