ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាឆក់ខ្សែរករម្នាក់ក្នុងចំណោមបក្សពួកគ្នា៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកធ្វើការឃាត់ខ្លួន ក្រោយពីរូបគេនិងបក្សពួកបានជិះម៉ូតូចំនួន២គ្រឿងធ្វើសកម្មភាពឆក់យកកាបូបដៃមួយពីស្ត្រីម្នាក់ពេលដែលប្តីរបស់គាត់ឌុបទៅផ្សារបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅខាងមុខផ្ទះលេខ៣៦ ផ្លូវលេខ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា យុវជនជាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ចាន់ ពិសិដ្ឋ អាយុ ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលស្ត្រីរងគ្រោះត្រូវបានប្តីឌុបតាមម៉ូតូមួយគ្រឿងទៅផ្សារបឹងត្របែក លុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៣នាក់ជិះម៉ូតូពីរគ្រឿង គឺម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-9090មួយគ្រឿងជិះគ្នាពីរនាក់ និងម៉ាកធូដេយ មួយគ្រឿងជិះម្នាក់ឯង។ស្រាប់តែជនសង្ស័យពីរនាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅដែលជិះគ្នាពីរនាក់នោះ បានជិះមកក្បែរ និងធ្វើសកម្មភាពឆក់យកកាបូបដៃមួយពីស្ត្រីជាប្រពន្ធតែម្តង បានហើយក៏ព្យាយាមជិះរត់ទៅបុកនឹងម៉ូតូរបស់អ្នកដំណើរតាមផ្លូវម្នាក់បណ្តាលឲ្យដួល ស្របពេលនោះកម្លាំងនគរបាលល្បាតក៏មកដល់ និងជួយចាប់ខ្លួនបានម្នាក់ និងដកហូតបានម៉ូតូម៉ាហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងខាងលើតែម្តង ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់លោតឡើងជិះម៉ូតូម៉ាកធូដេយមួយគ្រឿងទៀតរបស់បក្ខពួករបស់គេរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលលបប៉ុស្តិ៍បឹងត្របែកក៏បានប្រគល់កាបូបដៃដែលមានទូរស័ព្ទមួយគ្រឿង និងប្រាក់មួយចំនួនក្នុងនោះទៅឲ្យស្ត្រីរងគ្រោះវិញ ចំណែកឯជនសង្ស័យត្រូវបានធ្វើការសាកសួរ និងកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ៕




មតិយោបល់