ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសម្រេចបិទទឹកបណ្ដោះអាសន្ននៅក្នុងសង្កាត់វត្តភ្នំ ចាប់ពីម៉ោង១០៖០០នាទីយប់ ថ្ងៃទី៥ រហូតដល់ម៉ោង១អធ្រាត្រ ចូលថ្ងៃទី៦ ខែតុលានេះ ដើម្បីឲ្យក្រុមការងារធ្វើការផ្លាស់ប្ដូរវ៉ានសម្រាប់បិទបើកទឹកស្អាត។ នេះបើតាមការជូនដំណឹងពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមុននេះបន្តិច។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងយ៉ាងដូច្នេះ «ដោយសារតែមានការខូចវ៉ានសម្រាប់បិទបើកទឹកស្អាតទំហំ ១០០មម នៅលើផ្លូវលេខ១៩ សង្កាត់វត្តភ្នំ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អង្គភាពយើងខ្ញុំ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅលើផ្លូវលេខ១៩ ចាប់ពីចន្លោះផ្លូវលេខ៩៤ ដល់ផ្លូវលេខ១១០ ក្នុងទីតាំងខាងលើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង១៖០០នាទីព្រឹក ដើម្បីធ្វើការផ្លាស់ប្តូរវ៉ានបិទបើកទឹកថ្មី»។
ជាមួយគ្នានេះ រដ្ឋាករទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើ ត្រូវត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារធ្វើការផ្លាស់ប្តូរវ៉ានថ្មីនេះ និងសុំការយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕




មតិយោបល់