ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថស្រុកសៀមបូក ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចទូរសព្ទ័ដៃរបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចចំការម្នាស់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងតែ្រង ។
អាវុធហត្ថស្រុកសៀមបូក បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ អ៊ុន រ៉ាវ័ន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀននៅសាលាអនុវិទ្យាល័យស្រែក្រសាំងថ្នាក់ទី៩ ស្នាក់នៅភូមិក្រូច ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះមានឈ្មោះ ស្រេង ចំរើន អាយុ៤៤ឆ្នាំ មានមុខរបរជាងធ្វើផ្ទះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ជនសង្ស័យខាងលើនេះ បានចូលមកធ្វើសកម្មភាពលួចយក ទូរសព្ទ័របស់គាត់ទៅកំពុងដាក់សាកថ្មទុកចោលលើតុ ក្នុងផ្ទះ។ ក្រោយពីកើតហេតុនេះរួចមក ជនរងគ្រោះបានមកប្តឹងអាវុធហត្ថស្រុកសៀមបូក ដើម្បីចុះមកធ្វើការចាប់ឃាត់ខ្លួនតែម្តង ដោយធ្វើការដកហូតបាន ទូរស័ព្ទដៃម៉ាក សាំងស៊ុង កាឡាក់ស៊ី អេសធូរ ពណ៌ខ្មៅ មួយគ្រឿង នៅជាប់នឹងខ្លួនរបស់ជនសង្ស័យផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានអាវុធហត្ថស្រុកសៀមបូកនាំខ្លួន យកមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសួរនាំបន្ថែម ព្រមទាំងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការនៅព្រឹកថ្ងៃស្អែកចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកទូរសព្ទ័ដៃដែលអាវុធហត្ថដកហូតបានពីជនសង្ស័យនោះត្រូវបានអាវុធហត្ថប្រគល់ជូនម្ចាស់ដើមថ្ងៃទី៥ ខែ ឆ្នាំ ដដែល នេះ វិញហើយ ៕
មតិយោបល់