១លាន ៦សែន ៣ម៉ឺនដូស នេះជាចំនួនវ៉ាក់សាំង Moderna ដែលជប៉ុនបានសម្រេចព្យួរការប្រើចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦ សីហារហូតដល់មានការសម្រេចថ្មី។ ក្រុមហ៊ុនឱសថជប៉ុន Takeda ដែលជាអ្នកនាំចូល និងចែកចាយវ៉ាក់សាំង Moderna បានឲ្យដឹងថា វ៉ាក់សាំង Moderna ទាំង ១លាន ៦សែន ៣ម៉ឺនដូសនេះស្ថិតក្នុង ៣ឡូខុសគ្នា និងមិនបានបញ្ជាក់ទេថា តើមានវ៉ាក់សាំងប៉ុន្មានដូសមានផ្ទុកសារធាតុមិនប្រក្រតី។ តែបើយោងតាមកាណាល់ទូរទស្សន៍ជប៉ុន NHK នៅក្នុងចំនួនវ៉ាក់សាំង Moderna ទាំង ១លាន ៦សែន ៣ម៉ឺនដូសនេះ មានតែ ៣៩ដូសប៉ុណ្ណោះដែលគេបានរកឃើញមានវត្តមានសារធាតុមិនប្រក្រតីនៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ៨កន្លែង ក្នុងនោះក៏មាននៅក្នុងទីក្រុងតូក្យូដែរ។
ចំណែកអ្នកនំាពាក្យរដ្ឋាភិបាលលោកកាស៊ូណូប៊ូ កាតូបានពន្យល់ក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ សីហាថា ចំនួនដូសដែលមានវត្តមានសារធាតុមិនប្រក្រតីស្ថិតក្នុងឡូតែមួយដូចគ្នា និងថាដើម្បីជាវិធានការបង្ការ រដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រើទាំង ៣ឡូដែលមានវ៉ាក់សាំងសរុបចំនួន ១លាន ៦សែន ៣ម៉ឺនដូស។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះដដែលបានបន្ថែមថា គ្មានអ្វីដែលបានបញ្ជាក់ពីការដែលបានប្រើវ៉ាក់សាំងមានផ្ទុកសារធាតុមិនប្រក្រតីនេះនៅឡើយទេ និងថា លោកក៏មិនទាន់មានព័ត៌មានស្តីពីផលវិបាកដល់សុខភាពដែលកើតចេញពីការប្រើវ៉ាក់សាំងមានផ្ទុកសារធាតុមិនប្រក្រតីនេះដែរ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Takeda បានស្នើឲ្យមន្ទីរពិសោធន៍ Moderna បើកការស៊ើបអង្កេតបន្ទាន់មួយ ហើយបើយោងតាមបណ្តាញសារព័ត៌មានជប៉ុន វ៉ាក់សាំង Moderna ដែលជប៉ុនកំពុងមានក្នុងដៃពេលនេះនេះបានផលិតនៅក្នុងប្រទេសអេស្ប៉ាញ។ ខណៈនេះ និងដើម្បីកុំឲ្យរាំងស្ទះដល់យុទ្ធនាការចាក់វ៉ាក់សាំងដែលកំពុងមានសន្ទុះតាំងពីប៉ុន្មានខែកន្លងទៅ ក្រសួងសុខាភិបាលនឹងរួមសហការជាមួយក្រុមហ៊ុន Takeda ដើម្បីប្រើវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ផ្សេងទៀត។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៦ សីហា មានប្រជាជនជប៉ុនប្រមាណជា ៤៣% បានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ។ តែទោះជាយ៉ាងនេះក្តី ជប៉ុនកំពុងបន្តប្រឈមនឹងកំណើនករណីឆ្លងខ្ពស់ដោយមេរោគបំប្លែងខ្លួនដែលតា៕



មតិយោបល់