ភ្នំពេញៈ ក្រុមចោរជំនាញខាងលួចម៉ូតូ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនភ្លាមៗ ខណៈពួកគេធ្វើសកម្មភាពកាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នៅចំណុចផ្ទះសំណាក់យីហោ “លីលី” លេខ៣៣ ផ្លូវព្រះមុនីវង្ស ភូមិ៧ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ជួប ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទី២.ឈ្មោះ គុជ សុផានិត ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនប្រាកដ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម បិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-2642 ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ ធូ សុធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស មានទីលំនៅស្នាក់ផ្ទះជួលផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិ២នាក់ទៀតបាននាំគ្នាជិះម៉ូតូមកជួលបន្ទប់ដេកនៅផ្ទះសំណាក់យីហោ “លីលី” កន្លែងកើតហេតុ លុះដល់ម៉ោង៤ព្រឹកថ្ងៃទី៦ ខែតុលា នេះ ស្រាប់តែបាត់ម៉ូតូពីកន្លែងផ្ញើ ក៏នាំគ្នាដើររក ហើយឃើញក្រុមជនល្មើសកំពុងបណ្តើរម៉ូតូ ក៏រត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនជនល្មើសតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕


មតិយោបល់