បន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ តុលា ២០១៦ ម្សិលមិញនេះ បានសហការជាមួយនគរបាលការ ពារព្រំដែនគោក៩១១ បានបន្តធ្វើការទប់ស្កាត់ អប់រំ ពលករធ្វើចំណាកស្រុកខុសច្បាប់ ទៅប្រទេសថៃ បានចំនួន៣៤នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃក្រោយបុណ្យភ្ជុំ បានបញ្ចប់ តាមច្រករបៀង នានា ដែលស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ របស់លោកឧត្តមសេនីយ៍ស្នងការ បន្ទាប់ពីថ្ងៃទី៤ ខែតុលា បានទប់ស្កាត់ពលករខ្មែរ ដែលបម្រុងឆ្លងដែនទៅថៃ១៣៧នាក់ កម្លាំងរបស់លោក បានបន្តចុះធ្វើការសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាល ឃុំអូរបីជាន់ កម្លាំងនគរបាលការពារព្រំដែនគោកអូរបីជាន់៩១១ ធ្វើការទប់ស្កាត់ អប់រំ ពលករលួចឆ្លងដែន ដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ចំការគរ និងច្រកក្តិបថ្ម ចំនួន៣៤នាក់ បន្ថែមទៀត មកពីខេត្តផ្សេងៗគ្នា ។
តាមការរៀបរាប់របស់ក្រុមពលករ ពួកគាត់ធ្វើចំណាកស្រុកនេះ គឺក្នុងគោលចំណងទៅធ្វើជាកម្មករសំណង់ កម្មករចំការដំឡូង ចំការពោត និងចំការអំពៅ នៅខេត្តស្រះកែវ និងខេត្តត្រាត ប្រទេសថៃដោយការចេញទៅនេះ ត្រូវបងលុយឲ្យខាងយោធាប្រចាំច្រកម្នាក់១៥០បាត ។ ជាមួយគ្នានេះលោក បានធ្វើការអប់ណែនាំ ពួកគាត់ឲ្យយល់ពីគ្រោះថ្នាក់និងបញ្ហាប្រឈម នៃការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់ និងបង្វែរឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ ដើម្បីធ្វើឯកសារឆ្លងដែនស្របច្បាប់ ចំពោះពលករណាដែលមិនឯកសារត្រឹមត្រូវ។
ក្នុងប្រតិបត្តិការតប់ស្កាត់នេះ សមត្ថកិច្ចរកមិនឃើញនិងបង្ក្រាប បានមេខ្យល់ណាម្នាក់ឡើយ។និយាយរួម ទោះបីជាកន្លងមកមានការបញ្ជា ឲ្យបិទច្រករបៀងនានា ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបង្ការទប់ស្កាត់ពលករឆ្លងដែន និងទំនិញនាំចូល ខុសច្បាប់ សំណាក់សម្តេចក្រឡាហោម ស ខេង យ៉ាងណាក៏ដោយ ក៏សកម្មភាពពលករឆ្លងដែន និងទំនិញនាំចូលដោយខុសច្បាប់ទាំងនេះ នៅតែបន្តកើតមានតាមច្រករបៀងនានា ក្នុងតំបន់ឃុំអូរបីជាន់ដដែល ៕
មតិយោបល់