រតនគិរីៈ គំនរឈើប្រភេទសុក្រំចំនួន៤៣កំណាត់មុខយក្ស ដែលមានមុខកាត់ធំៗជាប្រភេទឈើមូលដែលមានប្រវែងចាប់ពី៥ម៉ែត្រ ឡើងទៅ១០ម៉ែត្រដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ (វៀតណាម) ក្បែររោងចក្រឈើក្រុមហ៊ុននោះ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវ៉ឺនសៃ ចុះបង្ក្រាបបាន។
ការចុះបង្ក្រាបគំនរឈើខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការកៅស៊ូ ក្រុមហ៊ុនម៉ាងយ៉ាងខេ (វៀតណាម)ស្ថិតនៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកវ៉ឺនសៃបានបង្ហើបឲ្យដឹងថា ឈើសុក្រំដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ នេះគឺ ជាឈើរបស់ឧកញ៉ា ម្នាក់ដែលល្បីល្បាញខាងរកស៊ីដឹកជញ្ជូនឈើជាយូមកហើយដែលកន្លងមកតែងតែធ្វើការដឹកជញ្ជូនយកមកលាក់នៅក្រុមហ៊ុនម៉ាងយ៉ាងខេនេះ។
ប្រភពបានបន្តទៀតថា បើតាមការអង្កេតគឺឈើដែលឈ្មួញបានយកមកលាក់ទុកនៅទីតាំងខាងលើគឺបណ្តាលមកពីពេលថ្មីៗមកនេះ មានការដាក់ចេញនូវបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលឲ្យការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ហើយស្ថាប័ន និងកម្លាំងជំនាញដែលពាក់ព័ន្ធបានធ្វើការដោយយកចិត្តទុកដាក់ ទើបឈានទៅដល់ធ្វើការបង្ក្រាប។
តាមការឲ្យដឹងពីលោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបីស្រុក(ស្រុកវ៉ឺនសៃ តាវែង អូរជុំ)បានឲ្យដឹងថា មូលហេតុដែលអាចបង្ក្រាបបទល្មើសឈើសុក្រំនៅចំណុចខាងលើបានគឺដោយសារមានការសហការពីកម្លាំងសម្ងាត់ ក៏ដូចជាក្រុមអ្នកសារព័ត៌មាន ទើបលោកបានដឹកនាំកម្លាំងជំនាញដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវ៉ឺនសៃចុះបង្ក្រាបតែម្តង។
លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា ឈើសុក្រំទាំងនេះមានចំនួន៤៣កំណាត់ ហើយនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងជំនាញរួមនិងអាវុធហត្ថកំពុងតែស្នើឲ្យខាងក្រុមហ៊ុនម៉ាងយ៉ាងខេ ជួយធ្វើការដឹកជញ្ជូនយកមកផ្ញើទុកនៅក្នុងក្រុមហ៊ុនម៉ានយ៉ាងខេជាបណ្តោះអាសន្នសិន ព្រោះឈើទាំងនេះវែងហើយផ្លូវក៏ពិបាកទៀត ប៉ុន្តែលោកបានបញ្ជក់បន្ថែមថា ឥឡូវនេះលោកកំពុងតែរករថយន្តណាដែលអាចស្ទួចឈើទាំងនេះបានដើម្បីធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តទៅតាមនិតិវិធី៕
មតិយោបល់