ភ្នំពេញៈ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានអនុញ្ញតឲ្យលោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកស្រីបានសម្តែងនូវអំណរគុណនូវអ្វីដែលជាការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិប្រកបដោយភាពវិជ្ជមាន បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសទីម័រឡេស្តេ កាលពីពាក់កណ្តាលខែសីហាកន្លងទៅ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលបានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅសម្រេចឲ្យបាននូវការលើកទឹកចិត្ត ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសទាំងពីរនៅក្នុងវិស័យការងារ មានដូចតទៅ៖
១.ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សាជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា ការចរចារជាសមូហភាព ការដាក់ឲ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុខភាពនិងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។
២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។
៣. ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។
៤. ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
៥. ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើវិស័យការងារ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងការអភិវឌ្ឍមុខជំនាញ ចំណេះដឹង និងការចែករំលែកបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពជំនាញហត្ថពលកម្ម និងពង្រឹងផលិតភាពការងារផងដែរ។ គណៈប្រតិភូទីម័រឡេស្តេដឹកនាំដោយរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគោលនយោបាយមុខរបរគ្រោងនឹងមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជានាដើមឆ្នាំក្រោយ៕
មតិយោបល់