កំពង់ស្ពឺៈ សាកសពយុវជនម្នាក់ ក្នុងចំណោម២នាក់ ដែលបានលង់ទឹកស្លាប់ និងលិចបាត់ខ្លួនក្នុងពេញមួយយប់នោះ ទាំង សមត្ថកិច្ច ព្រមទាំងក្រុមគ្រួសារព្យាយាមរុករកឃើញ កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹ ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦នេះ ត្រង់ចំណុចទំនប់បង្ហៀរទឹក ១០០ម៉ែត្រ អូរក្រាំងអំបិល ស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរកឃើញ ប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។
លោកវរៈសេនីយ៍ទោ ឃុត សុផល អធិការនគរបាល ស្រុកសំរោងទង បានឲ្យដឹងថា សពជនរងគ្រោះដែលបាត់ខ្លួនដោយសារលេងទឹកនៅទំនប់អូរក្រាំងអំបិល ហើយរអិលជើងធ្លាក់ចូលទឹកកំពុងហូរខ្លាំងនោះ មានឈ្មោះ ម៉ុន សុជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ហើយអ្នកដែលស្លាប់ខាងលើនេះ គឺជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះចំនួន២នាក់ ដែលបានលង់ទឹក ប៉ុន្តែមានម្នាក់បានរួចផុតជីវិត ដោយសារមិនបានចុះលេងទឹកនឹងគេ ។
លោកបានបន្ដថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៤និង៣០នាទីល្ងាចមានយុវជនចំនួន៣នាក់បានជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមកកម្សាន្តលេងទំបន់បង្ហៀរទឹក ១០០ម៉ែត្រ អូរក្រាំងអំបិល ដោយនាំគ្នាផឹកស្រាប៊ៀរអស់មួយចំនួន ដោយមានឈ្មោះ ហ៊ុម រីមសុខុម ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ។ទី២ឈ្មោះ ម៉ុន សុជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៣ឈ្មោះ ទីន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជាមួយគ្នា ។
បន្ទាប់មក ឈ្មោះ ទីន និងឈ្មោះ ម៉ុន សុជាតា បានចុះដើរលើទំបន់បង្ហៀរ ទឹកបង្ហៀរពីលិចទៅកើត ប៉ុន្តែដោយសារចរន្ដទឹកហូរខ្លាំងបណ្តាលឲ្យឈ្មោះទីន រអិលធ្លាក់ទឹកបោក កួច លង់ទឹក ឃើញដូច្នេះឈ្មោះហ៊ុម រីមសុខុម នៅលើគោកដែលកំពង់ថតវីឌីអូដើម្បី Liveផ្ទាល់ តាមហ្វេសប៊ុក ស្រែកឲ្យគេជួយ សង្គ្រោះ ហើយឈ្មោះ ម៉ុន សុជាតិ បានលោតទៅជួយមិត្តភ័ក្ដិ ក៏ត្រូវលង់ទឹកស្លាប់ទាំង ២នាក់តែម្តង ។
ដោយឃើញមានមនុស្សលង់ទឹកបែបនេះ បុរសអ្នកបង់សំណាញ់ក្បែរនោះបានចុះទៅជួយស្រង់បានម្នាក់មកលើគោក ប៉ុន្តែហួសពេលបានស្លាប់បាត់ បន្ទាប់មកគាត់បានចុះទៅរកម្នាក់ទៀតតែមិនឃើញអណ្ដែតក៏បាត់ខ្លួនរហូតព្រឹកថ្ងៃទី ០៦ ខែតុលា សាកសពដែលបាត់ខ្លួនក្នុងទឹកនោះ អ្នកបង់សំណាញ់រូបនោះជាអ្នកស្រង់ទៀត ។
បុរសអ្នកបង់សំណាញ់បានរៀបរាប់ប្រាប់ នៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦នេះថា កាលពីល្ងាចថ្ងៃទី ០៥ ខែតុលា ខណៈពេលគាត់កំពុងបង់ត្រីនៅទំបន់បង្ហៀរទឹក១០០ម៉ែត្រ អូរក្រាំងអំបិលពីខាងកើតស្រាប់ឮសំឡេងស្រែកឲ្យជួយ និងមានឃើញមនុស្សម្នាក់កំពុងលង់ទឹកឃើញដូច្នេះគាត់បានចុះទាំងបង្ខំដើម្បីជួយសង្គ្រោះពួកគេ ប៉ុន្តែជនរងគ្រោះបានលិចទឹកបាត់ដោយគាត់រង់ចាំមើលឃើញអណ្ដែត បានជនរងគ្រោះម្នាក់ ដាក់លើស្មារលីមកលើគោក និងបានឲ្យប្អូនប្រុសរបស់គាត់ម្នាក់ទៀតជួយ ។ ចំណែកគាត់ចុះទៅរកម្នាក់ទៀតដែលនៅក្នុងទឹក ប៉ុន្តែចាំយូរ ពេកអត់ឃើញអណ្ដែតសោះ ទើបឡើងគោកវិញ លុះព្រឹកថ្ងៃទី ០៦ ខែតុលានេះ ឃើញទាំងក្រុមគ្រួសារ និងសមត្ថកិច្ចមករុករកបន្តទៀត ដល់ម៉ោងជាង ៩ព្រឹកសាកសពបានអណ្ដែតហើយគាត់បានចូលទៅជួយស្រង់ទៀតតែម្តង ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន ៕
មតិយោបល់