ព័ត៌មានជាតិ

សង្ឃ​២អង្គ នាំកូន​សិស្ស​ចូល​ផ្ទះ​សំណាក់​សេព​គ្រឿងញៀន

តាកែវៈ សង្ឃ២អង្គ និងកូនសេក២នាក់ បានចូលផ្ទះសំណាក់ ពេជ្រ ភារម្យ ដែលស្ថិតនៅភូមិសឹង្ហ សង្កាត់រកាក្នុង ក្រុងដូនកែវ តាកែវ ដើម្បីសេពគ្រឿងញៀនកាលពីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការឆ្មក់ចូលឃាត់ខ្លួន។

មន្រ្តីអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ ម៉ៅ ភារម្យ ភេទប្រុស អាយុ១៥ឆ្នាំ បួស និងស្នាក់នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ មានទីលំនៅភូមិសំរោងទង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២.ឈ្មោះរស់ វិឆុង ភេទប្រុស អាយុ១៤ឆ្នាំ បួស និងស្នាក់នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ មានទីលំនៅភូមិប្របប្រហឹម ឃុំឈ្នួល ស្រុកបវិល ខេត្តបាត់ដំបង។ ៣.ឈ្មោះ ជិន អួយ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ចំណង់ ឃុំកំពង់ចំណង់ ស្រុកពារាំង ខេត្តព្រៃវែង ជាកូនសេក។ និងទី៤.ឈ្មោះ ទូច សុខគា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិតាលាក់ខាងជើង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ជាកូនសេក។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូ២គ្រឿង ដែកកេះ៥ ទូរស័ព្ទដៃ២គ្រឿង កាបូបចំនួន២ និងសម្ភារៈសម្រាប់ជក់ គ្រឿងញៀន មួយចំនួនផងដែរ។

អាវុធហត្ថបានបន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ រួចមក សង្ឃ២អង្គ ត្រូវកម្លាំងលោកនាំខ្លួនយកទៅវត្តសីហៈរតនារាម ដើម្បីធ្វើការផ្សឹកជាមុន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ខាងលើពិតប្រាកដមែន។

បច្ចុប្បន្នក្រោយពីទទួលបានចម្លើយសារភាពជនសង្ស័យទាំង៤នាក់ ខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនខ្លួនមកស្នងការនគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕

drugstakev3drugstakev2

មតិយោបល់