ព័ត៌មានជាតិ

​​សព​ពលករ​​ខ្មែរ​​២​នាក់ ​ស្លាប់​នៅ​ស្រុកថៃ​ បញ្ជូន​មកដល់​ស្រុកកំណើត​វិញ​ហើយ

បន្ទាយមានជ័យៈ សពពលករខ្មែរ ស៊ីឈ្នួលនៅស្រុកថៃចំនួន២នាក់ បានស្លាប់ បានបញ្ជូនមកដល់ស្រុកកំណើតវិញ ហើយនៅវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថាស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវប្រទេសថៃ សហការជាអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសពពលករកម្ពុជា ចំនួន២នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតអស់វិញហើយ។

លោក បានបន្ដទៀតថា សពជនរងគ្រោះទាំង២នាក់ នោះ១.មានឈ្មោះ ប៉ុល សុមន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រឡូងទី២ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មុខរបរ កម្មកររោងចក្រផ្លាស្ទីក ខេត្តឈុនបុរី ប្រទេសថៃ ស្លាប់ដោយឆក់ចរន្តអគ្គិសនី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ វេលា ម៉ោង២០និង២០នាទី។ ២ឈ្មោះ លីវ ស៊ាង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ កម្មកររោងចក្រផ្លាស្ទីក នៅខេត្តឆះឆឹងសៅ ប្រទេសថៃ ស្លាប់ដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១និង១៥នាទី។ លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា សពទាំង២នាក់ ត្រូវបានក្រុមគ្រួសារទទួលយកទៅកាន់ ស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណីរួចហើយ ៕

មតិយោបល់