បាត់ដំបងៈ មនុស្សចំនួន៥នាក់ រួមនិងម៉ូតូ៤គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការណ៍បង្ក្រាបបទល្បែងជល់មាន់ មួយកន្លែង កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុង ភូមិខ្សោយ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបល្បែងជល់មាន់ខាងលើនេះ គឺធ្វើឡើងដោយមានការដឹកនាំដោយ លោក ឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុទ្ធធម៌ បានដឹកនាំកម្លាំងក្រុមបង្កា និងបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការណ៍ឆ្មក់បង្ក្រាបទីតាំងខាងលើ តែកំពុងតែពពាក់ពពូនគ្នាជល់មាន់យ៉ាងក្អាកក្អាយ ។ ជាក់ស្តែងក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ រួមនិងម៉ូតូចំនួន៤គ្រឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថាទន្ទឹមនឹងការបង្ក្រាបនេះដែរ លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី បានធ្វើការណែនាំប្រជាពលរដ្ឋចាស់ៗប្រមាណ១០នាក់ ដែលអង្គុយលេងបៀរនៅក្បែរកន្លែងជល់មាន់នោះ ឲ្យឈប់លេងល្បែងស៊ីសងនេះតទៅទៀតនិងបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕
មតិយោបល់