ព័ត៌មានជាតិ

កម្ពុជាត្រៀមជួយសង្គ្រោះពលករជាង២០នាក់ពីប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញៈ ពលករ២១នាក់ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បាននិងកំ​ពុង​សហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការពាក់ពន្ធ័ ក្នុងការជួយសង្គ្រោះនិងរៀបចំ មាតុភូមិនិវត្តន៍របស់ពលករខ្មែរ ដែលជា​ជនរងគ្រោះដោយសារការរត់ពន្ធមនុស្ស ហើយកំពុងជាប់ឃុំនៅ ក្នុងប្រទេសឥណ្ឌូនេស៊ី ។

ដោយករណីទី១ រៀបចំមាតុភូមិនិវត្តន៍ជូនពលករខ្មែរឈ្មោះស.ត.ល ជាប់ឃុំនៅកោះបាលី ដែលបានមកដល់ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៥និង១០នាទីល្ងាច តាមជើងយន្តហោះលេខ MH 762 ។ ករណីទី២ ពលករខ្មែរចំនួន១៨នាក់ ដែលកំពុងជាប់ឃុំនៅកោះRiau ក្នុងនោះរួមមាន ពលករខុសច្បាប់ដែលគេសង្ស័យថាជាជនជាតិខ្មែរ​ចំនួន១៨នាក់ កំពុងជាប់ឃុំនៅការិយាល័យអន្តោប្រវេសន៍ Kantor Immigration Class III Tarempa ប្រចាំកោះRiau ដែល​មានចម្ងាយប្រមាណ១៦០០គីឡូម៉ែត្រពីទីក្រុងហ្សាការតា។

ក្នុងនោះដែរ អាជ្ញាធរឥណ្ឌូនេស៊ី បានទទួលស្គាល់ថា ជាជនរងគ្រោះដោយការរត់ពន្ធមនុស្ស ហើយកំពុងរៀបចំនីតិវិធីដោះលែង តាមសំណើរបស់ស្ថានទូត ហើយពេលនេះស្ថានទូតកំពុងតែសហការជាមួយអង្គការ IOM រៀបចំមាតុភូមិនិវត្តន៍របស់ពលករ​ទាំង១៨​នាក់នេះ។

ដោយតាមការស្នើសុំរបស់ស្ថានទូត និងអង្គការIOM ការិយាល័យអន្តោប្រវេសន៍ឥណ្ឌូនេស៊ី ប្រចាំកោះRiau បានយល់ព្រមបញ្ជូន​ពលកររងគ្រោះទាំងនោះ ទៅកាន់ការិយាល័យអន្តោប្រវេសន៍ប្រចាំកោះ Batam ដែលមានចម្ងាយប្រមាណ១០០០គីឡូម៉ែត្រ ពីទី​ក្រុងហ្សាកាតា ដើម្បីងាយស្រួលដល់ស្ថានទូតនិងអង្គការ IOM ចុះទៅជួបសម្ភាសន៍ធ្វើការកំណត់អត្តសញ្ញាណនិងរៀបចំ​មាតុភូមិ​និវត្តន៍​។ បច្ចុប្បន្ន អង្គការIOM និងការិយាល័យអន្តោប្រវេសន៍ឥណ្ឌូនេស៊ី កំពុងរកដំណោះស្រាយថវិកា សម្រាប់ការបញ្ជូនពលកររង​គ្រោះទាំងនោះ ទៅកាន់ការិយាល័យអន្តោប្រវេសន៍ប្រចាំកោះ Batam ។

ករណីទី៣. ពលករខ្មែរចំនួន២នាក់ ដែលកំពុងជាប់ឃុំនៅនៅការិយាល័យអន្តោប្រវេសន៍ ប្រចាំកំពង់ផែ Belawan ក្នុងខេត្តMedan ប្រទេសឥណ្ឌូនេស៊ី អាជ្ញាធរឥណ្ឌូនេស៊ី បានទទួលស្គាល់ថាជាជនរងគ្រោះដោយការរត់ពន្ធមនុស្ស ហើយកំពុងរៀប​ចំនីតិវិធី​ដោះ​លែង តាមសំណើរបស់ស្ថានទូត។ ក្នុងនោះដែរ ស្ថានទូតបានស្នើសុំការិយាល័យអន្តោប្រវេសន៍Belawan ឲ្យជួយសម្រួល ថែ​រក្សា ផ្តល់អាហារនិងកន្លែងស្នាក់នៅបណ្តោះអាសន្នដល់ជនរងគ្រោះ ហើយស្ថានទូតកំពុងសហការជាមួយអង្គការIOM នៅ ហ្សាការ​តា រៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំង២នាក់នេះ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត សូមឲ្យពលរដ្ឋខ្មែរទាំងអស់មានការ​ប្រុង​ប្រយ័ត្ន​ឲ្យបានខ្លាំង ចំពោះការអូសទាញបញ្ចុះបញ្ចូល បោកប្រាស់ ភូតកុហកគ្រប់បែបយ៉ាង ពីសំណាក់មេខ្យល់ ដែលប៉ុនប៉ងនាំ​បង​ប្អូនទៅធ្វើការខុសច្បាប់នៅប្រទេសនានា ឬទៅរៀបការជាមួយជនបរទេស ៕

ក្រសួងការបរទេស

មតិយោបល់