ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើសកម្មភាពឆក់ទូរស័ព្ទ

កណ្តាល: កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ទីតាំងស្ថិតនៅចំណុចភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ដំ ស្រីនាថ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យម្នាក់និងបក្ខពួកឈ្មោះ ឈុត មុន្នី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងរួមមាន៖ -ម៉ូតូ០១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1X-2898 ។
-ទូរស័ព្ទដៃ ម៉ាក Vivo19 ពណ៌បៃតងខ្ចី (បានប្រគល់ជូនជនរងគ្រោះ)។

សភាពរឿងហេតុ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះបានធ្វើដំណើរមានគ្នាពីរនាក់ ពីទិសខាងត្បូង ទៅទិសខាងជើងមកដល់ចំណុចភូមិយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ រួចបើកបរម៉ូតូខាងលើ គេចខ្លួនពេលនោះជនរងគ្រោះបានបើកបរម៉ូតូដេញតាម រហូតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងបណ្ដើរម៉ូតូ (អស់ប្រេងសាំង) ភ្លាមនោះជនរងគ្រោះ បានស្រែកថា ចោរៗ បានឆក់ទូរស័ព្ទខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋជួយចាប់ និងឃាត់ជនសង្ស័យ ពេលនោះប្រជាពលរដ្ឋដែលនៅទីនោះ ជាច្រើននាក់ បានចាប់ឃាត់ និងវាយជនសង្ស័យ (រងរបួសធ្ងន់) ចំណែកបក្ខពួកជនសង្ស័យ០១នាក់ទៀត បានរត់គេចខ្លួនបាត់ទៅ ។

ដោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលកោះធំខ និងកម្លាំងចម្រុះអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យដើម្បីសួរនាំ ។

បច្ចុប្បន្នសមត្ថកិច្ចផ្នែកជំនាញ បានកសាងសុំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យ ជំនាញខេត្តបន្តតាមនីតិវិធី ៕

មតិយោបល់