កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលឃាត់ខ្លួន បន្ទាប់ពីយកកាំបិតមកកាប់លើជនរងគ្រោះចំនួន១៦កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី០៧ ខែតុលាឆ្នាំនិង ២០១៦ នៅត្រង់ចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ និងរស់នៅភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ អ៊ុក សុខភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ និងរស់នៅភូមិឃុំជាមួយគ្នា។
លោក វ៉ែង កុសល នាយប៉ុស្តិ៍គគីរបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានយកកាំបិតផ្កាក់២ដើមទៅឈរនៅការ៉ូឡានៅមុខផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះបានចេញមកមើល ស្រាប់តែជនសង្ស័យកាប់តែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចាប់ចងជើង-ចងដៃជនសង្ស័យទុកនៅក្នុងរបងផ្ទះរបស់ខ្លួន។ គួរបញ្ជាក់ថា ក្រុមគ្រួសារជនសង្ស័យបានអះអាងថា ជនសង្ស័យមានជំងឺសរសៃប្រាសាទ ប៉ុន្មានថ្ងៃមុននេះ ក្រុមគ្រួសារបានយកទៅស្រោចទឹក និងយកទៅមន្ទីរពេទ្យ ដើម្បីសំបុត្រពេទ្យ។
លោកបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចុះទៅយកជនសង្ស័យនាំខ្លួនមកប៉ុស្តិ៍ និងបញ្ជូនខ្លួនទៅអធិការស្រុកបន្តនីតិវិធី។ ជាមួយគ្នានេះលោក ប៉ា សំអិត អធិការស្រុកបានឲ្យដឹងថា ចំពោះរណីខាងលើនេះលោកនឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់