ព័ត៌មានជាតិ

តុលាការឃុំខ្លួន ចែ ហ្គិច ក្នុងគុកសិន កុំឲ្យដើរបាញ់ ដើរបុក និងដើរដុត តទៅទៀត ប៉ុន្តែជាប់គុកយូរប៉ុណ្ណា ចាំមើលសិន..

កណ្ដាលៈ យោងតាមប្រភពពីមន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៉ី សុវណ្ណ ជាចៅក្រមស៊ើបសួរបាន ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ កែវ រតនៈ ហៅ ហ្គិច ជាបណ្តោះអាសន្ននៅពន្ធនាគារ ខេត្តកណ្តាល។

សូមបញ្ជាក់ថា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាល បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ កែវ រតនៈ ហៅហ្គិច ពីបទ ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែង បទគំរាមកំហែងថានឹងសម្លាប់ និង បទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោសដោយសារ ការប្រើប្រាស់ វិធីគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្ត នៅចំណុច រោងចក្រផលិតគ្រឿងសង្ហារឹម និង ក្តាកុង ផ្លាកេប្រាយវ៉េ ហ្វើនីឈ័រ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨ យោងតាម មាត្រា៧៨ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងមាត្រា ៦៣០ មាត្រា ២៣៣ មាត្រា ៤១៣ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ស្ត្រីត្រូវចោទខាងលើកាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ក្រោយពីរូបនាងបាន ធ្វើសកម្មភាព ដុតរោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ ស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលជារបស់ប្តីនាង។

នៅមុនពេលកើតហេតុ គឺ សមត្ថកិច្ច ទទួលព័ត៌មានថា មានករណីអគ្គិភ័យ ឆាបឆេះបានកើតឡើង ទើបសមត្ថកិច្ច និង ប្រជាពលរដ្ឋបានជួយពន្លត់ ដោយប្រើរថយន្តពន្លត់ អគ្គិភ័យ របស់ ទ័ពឆត្រយោង៩១១ អស់២គ្រឿង ប្រើប្រាស់ឡាន ទឹក អស់៦ គ្រឿង ទើបរលត់ជាស្ថាពរ ។

តាមសាក្សីបំភ្លឺ ឈ្មោះឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ គឺ បានឃើញរថយន្តមួយគ្រឿង មានគ្នា ៤ទៅ៥នាក់ចូលទៅដុតឈើ ហើយបានគំរាមមិនឲ្យចូលពន្លត់ភ្លើងកំពុង ឆេះនោះទេ ដោយ ប្រពន្ធ ម្ចាស់រោងចក្រ ឈ្មោះ កែវ រតនៈ ហៅ ហ្គិច បើកបររថយន្តម៉ាក ឡិចស៊ីស ៥៧០ ស៊េរី ឆ្នាំ ២០ ១៧ ពាក់ស្លាកលេខ ខម -៦៧៦២ ជាអ្នកដុត ។

គួររំលឹកថា ស្ត្រីឈ្មោះ កែវ រតនៈ ហៅ ហ្គិច ធ្លាប់បានប្រព្រឹត្តបទល្មើស បាញ់បោះសេរី និងបើករថយន្តបុកអ្នកដទៃ និងធ្លាប់ជាប់គុក ប៉ុន្តែគុកដាក់ រូបនាងមិនបានយូរឡើយ គេរងចាំមើលថា តើលើកនេះ ស្ត្រីរូបនេះអាចជាប់គុកបានយូរប៉ុណ្ណា?

មតិយោបល់